ក្រសួងការពារជាតិ បាននិយាយថា ប្រទេសកូរ៉េខាងត្បូង និងជប៉ុន បានជួបពិភាក្សារួមគ្នារវាងមន្ត្រីការពារជាតិជាន់ខ្ពស់របស់ពួកគេនៅទីក្រុងតូក្យូ នៅថ្ងៃពុធនេះ ស្របពេលមានកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី និងទប់ស្កាត់ការគំរាមកំហែងពីកូរ៉េខាងជើង។
នេះ គឺជាលើកទី១ហើយ ដែលកិច្ចប្រជុំថ្នាក់អគ្គនាយក ត្រូវបានធ្វើឡើង ចាប់តាំងពីខែសីហា ឆ្នាំ ២០១៥។ តាមធម្មតា កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីវាត្រូវបានចាប់ផ្តើម នៅក្នុងឆ្នាំ ១៩៩៤។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសមួយថា លោក Lee Seung-beom អគ្គនាយកទទួលបន្ទុកគោលនយោបាយអន្តរជាតិ នៅក្រសួងការពារជាតិ និងសមភាគីជប៉ុនលោក Atsushi Ando បានពិភាក្សាអំពីស្ថានភាពសន្តិសុខក្នុងតំបន់ ក៏ដូចជាការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ នៅក្នុងកិច្ចប្រជុំចុងក្រោយនេះ។
មន្ត្រីក្រសួងមួយរូប បាននិយាយថា កិច្ចប្រជុំ បានផ្តោតលើការស្វែងរកផ្នែកដែលអាចមានកិច្ចសហប្រតិបត្តិការជាមួយនឹងការបន្តកិច្ចចរចា ជាជាងពិភាក្សាអំពីបញ្ហាដែលមិនទាន់សម្រេច។
កិច្ចប្រជុំចុងក្រោយនេះ បានកើតឡើងមួយខែ បន្ទាប់ពីប្រមុខការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាចាត់វិធានការ ដើម្បីទប់ស្កាត់ការកើតឡើងវិញនៃជម្លោះដែនសមុទ្រឆ្នាំ ២០១៨ ចំពោះយន្តហោះល្បាតរបស់ជប៉ុន ដែលនៅតែជាប្រភពនៃជម្លោះជាច្រើនឆ្នាំហើយនោះ។