ភ្នំពេញ ៖ អង្គភាពស៊ីម៉ាក់បានឲ្យដឹងថា ក្នុងភាពជាដៃគូកិច្ច សហការប្រតិបត្តិការជាមួយនិងអង្គការជេម៉ាស់ជប៉ុនទាំងក្នុងប្រទេសនិងអន្តរជាតិ ចាប់តាំងពីឆ្នាំ២០០២មក សមិទ្ធ ផលដែលសម្រេចបានក្នុងគម្រោងរយៈពេល២២ឆ្នាំកន្លង ទៅនេះបានរំដោះផ្ទៃដីឲ្យមានសុវត្ថិភាពសរុបចំនួនជិត ៤៤ លានម៉ែត្រក្រឡា ដោយក្នុងនោះរុករកឃើញហើយកម្ទេចគ្រាប់ មីន និង សំណល់យុទ្ធភណ្ឌគ្រប់ប្រភេទបានចំនួនជាង ៩ សែន គ្រាប់ រួមជាមួយការកសាងនូវហេដ្ឋារចនា សម្ព័ន្ធជាច្រើនសម្រាប់ប្រជាជនកម្ពុជាប្រើប្រាស់ផងដែរ។
សមិទ្ធផលជាផ្លែផ្លានៃកិច្ចសហប្រតិបត្តិការរវាងអង្គភាពទាំងពីរនេះត្រូវលើកបង្ហាញឡើងក្នុងជំនួបពិភាក្សាការងារ
រវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយកស៊ីម៉ាក់ជាមួយឯកឧត្តម YAMAZAKI Kojiជាប្រធានអង្គការសកម្មភាពកំចាត់មីនជប៉ុន(JMAS) ប្រចាំទីក្រុងតូក្យនិងជាទីប្រឹក្សាក្រសួងការពារជាតិជប៉ុន ព្រមទាំងជាអតីតអគ្គសេនាធិការចម្រុះនៃកងកម្លាំងស្វ័យ ការពារជប៉ុននាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជា ការស៊ីម៉ាក់ភ្នំពេញ ។
នៅក្នុងជំនួបពិភាក្សាការងារឯកឧត្តម ហេង រតនា បានជម្រាបជូនឯកឧត្តម YAMAZAKI Koji និងគណៈប្រតិភូពីសកម្មភាពបោសសម្អាតមីននៅក្នុងប្រទេសកម្ពុជា ជា ពិសេសគម្រោងបោសសម្អាតមីននៅតាមបណ្តាខេត្តគោល ដៅ និងអភិវឌ្ឍន៍សហគមន៍ក្រោយបោសសម្អាតមីនដែលជាគម្រោងសហការរួមគ្នារវាងអង្គភាពស៊ីម៉ាក់ និងអង្គការជេម៉ាស់ ដែលរហូតមកទល់បច្ចុប្បន្ននេះមានទឹកប្រាក់ប្រមាណជាង ១៣ លានដុល្លារសហរដ្ឋអាម៉េរិក។
ជាកាឆ្លើយតបឯកឧត្តម YAMAZAKI Koji បានថ្លែង អំណរគុណចំពោះអង្គភាពស៊ីម៉ាក់ដែលតែងតែផ្តល់ការស ហការជាមួយគ្នាតាំងពីដើមរៀងមក និងបានបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តគម្រោងជាមួយអង្គកាជេម៉ាស់ និង បានជម្រាបពីជំហរ និងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រ តិបត្តិការរបស់អង្គការជេម៉ាស់ លើផែនការយុទ្ធសាស្រ្តថ្នាក់ជាតិស្តីពីសកម្មភាពមីននៅកម្ពុជា ជាពិសេសយុទ្ធសាស្ត្រសកម្មភាពមីនរបស់អង្គភាពស៊ីម៉ាក់។ប្រធាន JMAS រូបនេះ ក៍បានបញ្ជាក់ដែរថា JMAS នឹងបន្តពង្រីកគម្រោងបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបន្ថែមទៀត ស្របតាមផែនការយុទ្ធសាស្រ្តជាតិកម្ពុជា ព្រមទាំងស្នើសុំកម្ពុជាឱ្យបន្តផ្តល់នូវកិច្ចសហការនិងគាំទ្រនូវគម្រោងទាំងនេះ។ ជាងនេះទៅទៀត លោកបានទទួលស្គាល់ចំពោះសមិទ្ធផលសម្រេចបានរបស់កម្ពុជាក្នុងវិស័យសកម្មភាពមីន និងវាយតម្លៃខ្ពស់ចំពោះសមត្ថភាពបោសសម្អាតមីនរបស់កម្ពុជាក្នុងការចែករំលែកជំនាញនិងបទពិសោធទៅ កាន់បណ្តាប្រទេសជាច្រើននៅលើពិភពលោក ។
ឯកឧត្តម ហេង រតនា ក៏បានកោតសរសើរចំពោះអង្គការជេម៉ាស់ ដែលមិនត្រឹមតែផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់បោសសម្អាតមីនប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ការអភិវឌ្ឍខាងសេដ្ឋកិច្ចសង្គម អ្នកជំនាញបច្ចេកទេសមកចូលរួមស ហការជាមួយនឹងក្រុមការងារស៊ីម៉ាក់ផងដែរដើម្បីបោស សម្អាតមីនរួមគ្នានៅក្នុងប្រទេសកម្ពុជា។ ហើយការចូលរួមរបស់ JMAS គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ផ្តល់ដីសុវត្ថិភាព និងលើកកម្ពស់វិស័យកសិកម្មរបស់ប្រជាកសិករកម្ពុជាថែមទៀត។ជាមួយគ្នានេះកម្ពុជានឹងបន្តរក្សានូវទំនាក់ទំនងនិងវឌ្ឍនភាពរួមគ្នាជាមួយជប៉ុនឲ្យកាន់តែខ្លាំងដើម្បីជោគជ័យលើវិស័យសកម្មភាពមីន។
គួររំលឹកផងដែរថា អង្គភាពស៊ីម៉ាក់ និងអង្គការជេម៉ាស់ ជាដៃគូសហការយ៉ាងជិតស្និទ្ធជាមួយគ្នា ទាំងកិច្ចសហការក្នុងប្រទេស និងអន្តរជាតិអស់រយៈពេល២២ឆ្នាំកន្លងមកហើយ។ចាប់តាំងពីឆ្នាំ២០០២ក្នុងសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះនិងការអភិវឌ្ឍសហគមន៍ក្នុងខេត្ត បាត់ដំបង បន្ទាយមានជ័យ និង ស្ទឹងត្រែង ដោយរំដោះបានផ្ទៃដីប្រមាណជា៦៥ គីឡូម៉ែត្រក្រឡា រកឃើញនិងកំទេចចោលគ្រាប់មីនចំនួន ២១.១៨៨ គ្រាប់និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ៣៩៦.៣៦៤ គ្រាប់។រួមជាមួយការកសាងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ រួមមានផ្លូវគ្រួស ក្រហម សាលារៀន ស្រះទឹក និងអណ្តូងស្នប់ទឹកស្អាតផងដែរ៕ អត្ថបទ ៖ ភារម្យ
.














