អនុរដ្ឋមន្រ្តីក្រសួងការពារជាតិប៉ូឡូញលោក Cezary Tomczyk និយាយថា ប្រទេសរបស់លោកនឹងធ្វើអ្វីក៏ដោយឲ្យតែត្រូវការដើម្បីដោះស្រាយវិបត្តិជនអន្តោប្រវេសន៍នៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសបេឡារុស ស្របពេលដែលទីក្រុងវ៉ាសូវី ពិនិត្យមើលជម្រើស រួមទាំងការបិទព្រំដែនផងដែរ ។
បញ្ហាព្រំដែនបានក្លាយជារឿងដ៏ចម្រូងចម្រាស់មួយ ស្របពេលដែលក្រុមមន្រ្តីលោកខាងលិច ចោទប្រកាន់រដ្ឋាភិបាលបេឡារុសថាបានបញ្ជូនជនអន្តោប្រវេសន៍ពីក្រៅអឺរ៉ុបមកកាន់ប្រទេសប៉ូឡូញ ។
លោក Tomczyk និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា កិច្ចខិតខំរបស់ប៉ូឡូញក្នុងការដោះស្រាយវិបត្តិ រួមចំណែកការការពារព្រំដែន ប៉ុន្តែទីក្រុងវ៉ាសូវី បានផ្ញើសារនយោបាយយ៉ាងច្បាស់ផងដែរថា ស្ថានភាពបច្ចុប្បន្នមិនអាចមានជារៀងរហូតបាននោះទេ ។
នៅពេលសួរថាតើទីក្រុងប៉េកាំង អាចជួយប៉ូឡូញបញ្ចប់វិបត្តិមួយនេះបានដែរឬទេ លោក Tomczyk និយាយថា លោកជឿថា ចិនមិនចង់បានស្ថានភាពមិនល្អនៅតាមព្រំដែនរបស់ពួកគេនោះទេ ។
ស្របពេលដែលក្រុមមេដឹកនាំលោកខាងលិចជួបជុំគ្នានៅកិច្ចប្រជុំកំពូលអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីងតោន លោក Tomczyk និយាយថា លោកសង្ឃឹមថា សមាជិកសម្ព័ន្ធមិត្តនឹងពិភាក្សាថាតើប៉ូឡូញ អាចបាញ់ទម្លាក់មីស៊ីលរុស្ស៊ី បានដែរឬទេ ពេលវាហោះឆ្ពោះមកកាន់ដែនដីអង្គការណាតូ ខណៈពេលវានៅលើទឹកដីអ៊ុយក្រែន ៕