
នៅថ្ងៃពុធនេះ ក្មេងៗ និងសាច់ញាតិចំណាប់ថ្នូរនៅតំបន់ហ្កាហ្សា បាននាំគ្នាចូលក្នុងទ្រុងនៅក្រៅសភាអ៊ីសាអែល ដើម្បីដាក់សំពាធរដ្ឋាភិបាលទាមទារឲ្យមានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ ។
ក្មេងស្រី Ella គឺជាកូនស្រីរបស់ចំណាប់ថ្នូរអ៊ីស្រាអែល Ohad Ben Ami និងក្មេងស្រី Shir គឺជាកូនស្រីរបស់ចំណាប់ថ្នូរ Keith Siegel ស្ថិតនៅក្នុងចំណោមសាច់ញាតិដែលបានអង្គុយក្នុងទ្រុង នៅក្រៅសភាអ៊ីស្រាអែល និងអគាររដ្ឋាភិបាល ស្ថិតក្នុងទីក្រុងហ៊្សេរុយសាឡឹម ។

ការតវ៉ានេះ ធ្វើឡើងនៅថ្ងៃដែលកិច្ចចរចាគ្រោងនឹងចាប់ផ្តើមឡើងវិញនៅប្រទេសកាតា ដើម្បីទទួលបានបទឈប់បាញ់នៅក្នុងសង្រ្គាមហ្កាហ្សា ហើយនិងការដោះលែងចំណាប់ថ្នូរដែលនៅជាប់ខ្លួនក្នុងតំបន់ហ្កាហ្សាអស់រយៈពេលជាង ៩ខែមកហើយ ។
ក្រុមគ្រួសារចំណាប់ថ្នូរដែលចាប់យកទៅអំឡុងការវាយប្រហាររបស់ក្រុមហាម៉ាស់កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន បានធ្វើបាតុកម្មររាល់សប្តាហ៍នៅប្រទេសអ៊ីស្រាអែល ដើម្បីទាមទារឲ្យមានការដោះលែងមនុស្សជាទីស្រលាញ់របស់ពួកគេ ៕