អូឡាំពិក៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើការចែករំលែកបទពិសោធន៍ ការងារកីឡា និងជីវិតតស៊ូរហូតទទួលបានជោគជ័យ និងក្លាយជាថ្នាក់ដឹកនាំកីឡាមួយរូបនៅកម្ពុជាដល់និស្សិតជប៉ុន និងកម្ពុជានៅក្នុងកម្មវិធី Diverse Voyage Phnom Penh Online ដែលរៀបចំដោយអង្គការ Global Incubation X Fostering Talents (GiFT) របស់ប្រទេសជប៉ុន។

កម្មវិធីនេះបានរៀបចំតាមប្រព័ន្ធអនឡាញកាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញ ដើម្បីចែករំលែកអំពី “ចក្ខុវិស័យ បេសកកម្ម និងគុណតម្លៃកីឡាឆ្ពោះទៅឆ្នាំ២០២៣” ដោយមាននិស្សិតជប៉ុន និងកម្ពុជាចូលរួមសរុបចំនួន ៣៧នាក់ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយនូវគុណតម្លៃកីឡា និងស្មារតីអូឡាំពិក ក្រោមប្រធានបទ មិត្តភាព សាមគ្គីភាព និងភាពយុត្តិធម៌ (Friendship Solidarity and Fairness)។ អ្នកជំនាញកីឡាដដែលបានចែករំលែកបទពិសោធន៍ជាច្រើន តាំងពីចាប់ផ្ដើមអាជីពជាកីឡាកររហូតក្លាយអត្តពលិកអូឡាំពិក និងក្លាយជាថ្នាក់ដឹកនាំកីឡាមួយរូបនាពេលបច្ចុប្បន្ន។ ស្របជាមួយគ្នា ឯកឧត្តមក៏បានផ្សារភ្ជាប់នូវបទពិសោធន៍ការងារត្រៀមស៊ីហ្គេមឆ្នាំ២០២៣ និងចែករំលែកនូវទស្សនៈវិស័យកីឡា ដើម្បីលើកទឹកចិត្តឲ្យនិស្សិតជប៉ុន និងនិស្សិតខ្មែរបានយល់ដឹងអំពីការផ្សព្វផ្សាយព្រឹត្តិការណ៍ ជាប្រវត្តិសាស្ដ្រនេះផងដែរ។
ក្រោយស្ដាប់នូវបទបង្ហាញ និងចែករំលែកបទពិសោធន៍របស់វាគ្មិន ដែលជាអ្នកជំនាញ និងជាអតីតអត្តពលិកអូឡាំពិកកម្ពុជា ក្រុមនិស្សិតជប៉ុនក៏ដូចជានិស្សិតកម្ពុជាបានសម្ដែងការសប្បាយចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំបូន្មានល្អៗ និងបទពិសោធន៍ដ៏ប្រពៃរបស់ឯកឧត្តម វ៉ាត់ ចំរើន ហើយពួកគេបានអះអាងថា នឹងចងចាំជានិច្ច ហើយទុកជាគំរូដ៏ល្អមួយ ក៏ដូចជាធ្វើជាមេរៀន និងជាបទពិសោធន៍ជីវិតបន្ថែមទៀតផង៕
អត្ថបទ៖ លី ឈុនឡា