
រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ីស្រាអែលលោក Yoav Gallant និយាយនៅថ្ងៃពុធនេះថា យុទ្ធជនហាម៉ាស់ចំនួន ៦០ភាគរយ ត្រូវបានសម្លាប់ និងរងរបួស ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។
ថ្លែងនៅក្នុងសភាអ៊ីស្រាអែល លោក Gallant បាននិយាយផងដែរថា អ៊ីស្រាអែល បានកម្ទេចកងវរសេនាតូចភាគច្រើននៃកងវរសេនាតូចចំនួន ២៤អង្គភាពរបស់ពួកគេ ដែលក្រុមជីវពលហាម៉ាស់មាន ពេលចាប់ផ្តើមសង្រ្គាម ។

ឆ្លើយតបនឹងសំណួរក្រុមតំណាងរាស្រ្ត លោក Gallant និយាយថា រយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ សេចក្តីជូនដំណឹង នឹងផ្តល់ជូនជនជាតិជ្វីហ្វនិយមជ្រុលដែលកាលពីមុនត្រូវបានអនុគ្រោះពីការចូលបម្រើកងទ័ពអ៊ីស្រាអែល ។
គួរឲ្យដឹងថា តុលាការកំពូលអ៊ីស្រាអែល បានសម្រេចកាលពីខែមុនថា ក្រសួងការពារជាតិត្រូវតែបញ្ចប់ការលើកលែងជាយូរ សម្រាប់ជនជាតិជ្វីហ្វនិយមជ្រុលពីកាតព្វកិច្ចយោធា ។
លោក Gallant និយាយថា កងកម្លាំងប្រដាប់អាវុធត្រូវការជ្រើសកងទ័ពបន្ថែមទៀត ដើម្បីរក្សាសុវត្ថិភាពអ៊ីស្រាអែល និងទ្រទ្រង់សង្រ្គាមជាមួយក្រុមជីវពលហាម៉ាស់នៅតំបន់ហ្កាហ្សា ៕