
រដ្ឋាភិបាលន័រវ៉ែស នៅថ្ងៃពុធ (ទី១០ ខែកក្កដា) នេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងអូស្លូនឹងផ្ដល់យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងទៅឲ្យប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងការពារទប់ទល់នឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី។
មេដឹកនាំនៃប្រទេសជាសមាជិករបស់អង្គការណាតូមួយនេះ ត្រៀមបង្ហាញជំនួយថ្មីដល់អ៊ុយក្រែន ដើម្បីជួយទីក្រុងគីវការពារខ្លួន បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ដោយសង្ឃឹមថា នឹងផ្លាស់ប្តូរទិសដៅសង្រ្គាម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ចង់ឲ្យសម្ព័ន្ធភាពដែលមានសមាជិក ៣២ប្រទេស បញ្ជូនអាវុធ និងប្រាក់បន្ថែមទៀត ហើយផ្តល់ការធានាសន្តិសុខ។
នាយករដ្ឋមន្រ្តីន័រវ៉ែស លោក Jonas Gahr Stoere បាននិយាយថា ការបញ្ជូនយន្តហោះចម្បាំង F-16 គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៤ នេះ។
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីរូបនេះ បានប្រកាសជាលើកដំបូងថា ប្រទេសន័រវ៉ែស នឹងផ្ដល់យន្តហោះ F-16 ដល់ទីក្រុងគីវ កាលពីខែសីហាឆ្នាំមុន ប៉ុន្តែមិនបានប្រាប់ថា នឹងផ្តល់ចំនួនប៉ុន្មានគ្រឿងនោះឡើយ៕