នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi និយាយនៅថ្ងៃពុធនេះថា ដំណោះស្រាយជម្លោះពុំអាចរកឃើញនៅក្នុងសមរភូមិប្រយុទ្ធបាននោះទេ ហើយការបាត់បង់ជីវិតរបស់មនុស្សគ្មានទោសកំហុស ក៏ពុំអាចទទួលបាននោះដែរ ។
លោក Modi និយាយថា លោកបានពិភាក្សាលើជម្លោះនៅអ៊ុយក្រែន និងអាស៊ីខាងលិចជាមួយអធិការបតីអូទ្រីសលោក Karl Nehammer ។ លោក Modi បានផ្តល់អនុសាសន៍ស្រដៀងគ្នានេះ អំឡុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារ ។
លោក Modi និយាយប្រាប់លោក Putinថា ការស្លាប់របស់ក្មេងគ្មានកំហុសនៅក្នុងសង្រ្គាម ជម្លោះ ឬការវាយប្រហារភេរវកម្ម គឺជារឿងដ៏គួរឈឺចាប់ខ្លាំងបំផុត ។
លោកក៏បាននិយាយកាលពីថ្ងៃអង្គារដែរថា ទំនាក់ទំនងឥណ្ឌាជាមួយរុស្ស៊ី ផ្អែកលើទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ហើយលោកបានកោតសរសើរផងដែរដល់ការដឹកនាំប្រទេសរបស់លោកប្រធានាធិបតី Vladimir Putin ។ លោក បានថ្លែងបែបនេះ នៅក្នុងសុន្ទរកថាទៅកាន់ជនអន្តោប្រវេសន៍ឥណ្ឌា អំឡុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេល ៥ឆ្នាំ ៕
