ប្រណាំងកង់៖ អ្នកការពារតំណែងជើងឯកការប្រកួតប្រណាំងកង់ Grand Tour, Vuelta a Espana កីឡាករស្លូវេនី Primoz Roglic បានប្រជែងឈ្នះដំណាក់កាលទី ១១ ដើម្បីកាត់បន្ថយការនាំមុខរបស់កីឡាករណ័រវេយ Odd Christian Eiking។

Christian Eiking បានដណ្តើមអាវកាក់ពណ៌ក្រហម ដើម្បីឡើងមកនាំមុខរួមកាលពីថ្ងៃអង្គារ ក្រោយដំណាក់កាលទី ១០ ស្របពេល Primoz Roglic ប៉ះទង្គិច និងខាតបង់ពេលវេលាជាច្រើននៅពេលនោះ។ ឈានមកដល់ដំណាក់កាលទី ១១ ថ្ងៃពុធម្សិលមិញដែលមានចំងាយផ្លូវ ១៣៣.៦គីឡូម៉ែត្រ កីឡាកររបស់ក្រុម Jumbo-Visma, Primoz Roglic ក៏បានប្រជែងឈ្នះដំណាក់កាលនេះដោយមកដល់ទីព្រ័ត្រមុនគេប្រើពេល ៣ម៉ោង ១១នាទី តាមពីក្រោយដោយកីឡាករអេស្ប៉ាញ Enric Mas ៣វិនាទី និងលេខ៣ កីឡាករកូឡុំប៊ី Miguel Angel Lopez យឺតជាង ៥វិនាទី។
ជ័យជំនះនៅដំណាក់កាលទី ១១ របស់ Primoz Roglic បានកាត់បន្ថយការនាំមុខរបស់ Christian Eiking មកត្រឹម ៥៨វិនាទីពីអ្នកលេខ២ កីឡាករបារាំង Guillaume Martin ខណៈ Primoz Roglic លេខ៣ តាមពីក្រោយ ១នាទី ៥៦វិនាទី។ សំរាប់ដំណាក់កាលទី ១២ ថ្ងៃនេះមានចំងាយផ្លូវ ១៧៥គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ