ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានធ្វើការបដិសេធចំពោះការអត្ថាធិប្បាយដែលគ្មានមូលដ្ឋាន និងដោយបំភ័ន្ត ដោយអ្នកនាំពាក្យការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ Thameen Al-Kheetan កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងការកាត់ទោសសកម្មជនបរិស្ថានដោយតុលាការកម្ពុជា។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ បានធ្វើការបំភ្លឺថា ការអះអាងថាដំណើរការកាត់ក្តីលើសកម្មជនបរិស្ថានទាំង ១០រូប មិនអនុលោមតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ គឺគ្មានមូលដ្ឋាន ដែលបង្ហាញពីការយល់ឃើញមានកម្រិត ឬការបដិសេធ ដោយចេតនាក្នុងការយល់ដឹងពីនីតិវិធីរបស់តុលាការនៅកម្ពុជា។ សកម្មជនបរិស្ថានទាំងនេះ ត្រូវបានផ្តន្ទាទោសពុំមែនដោយសារតែការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេនោះទេ ប៉ុន្តែដោយសារការរៀបចំសកម្មភាពប្រឆាំងរដ្ឋាភិបាល និងប្រមាថព្រះមហាក្សត្រ ដែលជាបទល្មើសប្រព្រឹត្ត នៅក្នុងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០២១ និងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៤៣៧ (ស្ទួន) និងមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំងអស់មានឱកាសពេញ លេញក្នុងការចូលរួមរាល់នីតិវីធីរបស់តុលាការ រួមទាំងសិទ្ធិក្នុងការការពារផ្នែកច្បាប់ និងបដិសេធ រាល់ការចោទប្រកាន់ ដែលជាផ្នែកនៃសិទ្ធិទទួលបាននូវការជំនុំជម្រះក្តីដោយយុត្តិធម៌ និង ដំណើរការតាមនីតិវិធីត្រឹមត្រូវ៕

