រដ្ឋមន្ត្រីការបរទេសប្រទេសហុងគ្រី លោក ភីតធើ ហ្ស៊ីចាតូ (Peter Szijjarto) បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា ប្រទេសហុងគ្រី មើលឃើញថាលទ្ធភាពនៃការវិលត្រឡប់គ្រប់គ្រងតំណែងរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺជា «ឱកាសសន្តិភាព» នៅអ៊ុយក្រែន ខណៈសម្ព័ន្ធមិត្តអង្គការណាតូ ភាគច្រើនសង្ឃឹមថានឹងផ្ញើសារយ៉ាងម៉ឺងម៉ាត់ចំពោះការគាំទ្រដល់ទីក្រុងគីវ។

នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកទ័រ អ័បាន (Viktor Orban) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុន នៅក្នុងអ្វីដែលលោកហៅថាបេសកកម្មសន្តិភាព ប៉ុន្តែគំនិតផ្តួចផ្តើមនេះបានធ្វើឱ្យសម្ព័ន្ធមិត្តណាតូមួយចំនួនខឹងសម្បារ ដោយនិយាយថា ដំណើរនេះបានផ្តល់ភាពស្របច្បាប់ដល់ការទាមទាររបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) លើទឹកដីអ៊ុយក្រែន ដែលខ្លួនបានរឹបអូសចាប់តាំងពីប្រតិបត្តការយោធាឆ្នាំ២០២២។

នៅក្នុងបទសម្ភាសន៍ជាមួយរ៉យទ័រ ក្នុងទីក្រុងវ៉ាស៊ីនតោន លោក ហ្ស៊ីចាតូ បាននិយាយថា គោលបំណងរបស់ហុងគ្រី គឺដើម្បីបញ្ចប់សង្រ្គាមតាមរយៈការចរចាសន្តិភាពដែលពាក់ព័ន្ធទាំងរុស្ស៊ី និងអ៊ុយក្រែន។ លោកនិយាយថា «យើងគិតថាគួរតែមានឥទ្ធិពលពីខាងក្រៅដ៏ខ្លាំងក្លាដើម្បីបង្ខំឱ្យភាគីជម្លោះចរចាគ្នា។ នោះមានតែលោក Trump ទេដែលអាចធ្វើបាន ប្រសិនបើលោកជាប់ឆ្នោត»។

លោក Trump បាននិយាយថាលោកនឹងបញ្ចប់សង្រ្គាមយ៉ាងឆាប់រហ័ស ប៉ុន្តែមិនបានផ្តល់នូវផែនការលម្អិតថាធ្វើបែបណាទើបអាចសម្រេចបាននូវរឿងនោះទេ ប៉ុន្តែសារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែមុនថា ទីប្រឹក្សារបស់អតីតប្រធានាធិបតីរូបនេះ បានបង្ហាញផែនការបញ្ចប់សង្រ្គាមដោយផ្នែក ដោយលក្ខខណ្ឌកាត់ផ្ដាច់ជំនួយនាពេលអនាគតដល់ទីក្រុងគីវ ប្រសិនបើអ៊ុយក្រែន មិនចូលរួមក្នុងកិច្ចចរចាសន្តិភាព៕