ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍កាលពីយប់ថ្ងៃពុធ (១០ កក្កដា) ថា នាវាពិឃាតរបស់កងទ័ពជើងទឹកជប៉ុនមួយគ្រឿង បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅជិតកោះតៃវ៉ាន់ កាលពីដើមខែនេះ ដោយមិនជូនដំណឹងដល់ចិន និងបង្កឱ្យមាន «ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ» ពីទីក្រុងប៉េកាំង។

ទីភ្នាក់ងារសារព័ត៌មាន ខ្យូដូ (Kyodo) បាននិយាយដោយដកស្រង់ប្រភពការទូតថា នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន ស៊ូហ្ស៊ូសុគិ (Suzutsuki) បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ប្រទេសចិន ពីខេត្ត ជឺជាំង (Zhejiang) កាលពីថ្ងៃទី០៤ ខែកក្កដា ជាទីដែលចិនបានប្រកាសថាខ្លួននឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។

ទូរទស្សន៍ NTV បានរាយការណ៍ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុនថា នាវា ស៊ូហ្ស៊ូសុគិ ដែលមានភារកិច្ចត្រួតពិនិត្យសមយុទ្ធមីស៊ីលរបស់ចិន នៅសមុទ្រចិនខាងកើត ភាគខាងជើងនៃកោះតៃវ៉ាន់ បានចូលទៅក្នុងដែនទឹកនោះដោយមិនជូនដំណឹងដល់ប្រទេសចិន។ សារព័ត៌មានក្យូដូបាននិយាយថា នាវាពិឃាតបានធ្វើដំណើរក្នុងចម្ងាយ ២២ គីឡូម៉ែត្រពីឆ្នេរសមុទ្រ ជឺជាំង ប្រហែល ២០ នាទី បើទោះបីជាមានការព្រមានពីនាវាចិនក៏ដោយ ហើយទីក្រុងប៉េកាំង បានសម្តែងនូវ «ការព្រួយបារម្ភយ៉ាងខ្លាំង» ដល់ទីក្រុងតូក្យូ។

សារព័ត៌មានដដែលនោះបានបន្ថែមថា ក្រសួងការពារជាតិជប៉ុន បានបើកការស៊ើបអង្កេតមួយដោយធ្វើការសាកសួរកាពីទែននាវាពិឃាត ស៊ូហ្ស៊ូសុគិ ហើយចេតនារបស់នាវិកក្នុងបើកចូលដែនទឹកចិននេះនៅតែមិនច្បាស់លាស់៕