រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃពុធ ទី១០ កក្កដា ថា ការចរចា កំពុងដំណើរការជាមួយភាគីប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងអស់ក្នុងការប្រឈមមុខដាក់គ្នា។

នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីប្រទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាតទី(Badr Abdelatty) បាននិយាយថា ជំនួបកាលពីនាពេលថ្មីៗនេះ មានគោលបំណងបញ្ឈប់ «សេណារីយ៉ូដ៏ធ្ងន់ធ្ងរ» នៅលើសមរភូមិប្រទេសលីបង់។

ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងទៅលើគោលដៅរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។
ក្រុមនេះ បានចាត់ទុកការវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតថាជា «សមរភូមិគាំទ្រ» ក្នុងគោលបំណងធ្វើឲ្យធនធានយោធារបស់អ៊ីស្រាអែលចេញឆ្ងាយពីតំបន់ហ្កាហ្សា និងគាំទ្រប៉ាឡេស្ទីន។
ប្រជាជនអ៊ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញព្រំដែនរវាងប្រទេសទាំងពីរ ហើយអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃជម្លោះកាន់តែរីកធំ។