មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកនឹងបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោក Nasrallah បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់លោក Mohammad Ni'mah Nasser ជាមេដឹកនាំគណបក្ស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។

មេដឹកនាំក្រុមហេសបូឡា បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលមុនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អំពីការបន្តជម្លោះដ៏មានសក្តានុពលនៅក្នុងប្រទេសលីបង់ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ក៏ដោយ ដោយអះអាងពីសារៈសំខាន់នៃការការពារនៅភាគខាងត្បូងប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។
លោក Nasrallah បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា នឹងគាំទ្រនូវការសម្រេចចិត្តណាមួយ ដែលធ្វើឡើងដោយក្រុមហាម៉ាស ក្នុងការចរចាជាមួយអ៊ីស្រាអែល។
ការនិយាយលើកឡើងរបស់ លោក Nasrallah ធ្វើឡើងខណៈគណៈប្រតិភូ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នា កាលពីថ្ងៃពុធក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។