អ្នកនាំពាក្យរបស់បេសកកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានគ្រោងទុករបស់ទីក្រុងវ៉ាស៊ីនតោន គឺពោរពេញទៅដោយ «វោហាសាស្ត្រអរិភាព» ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺមានការញុះញង់ និងការកុហក។

ពង្រាងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ចិនបានក្លាយជាអ្នកជួយដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយក្រុងប៉េកាំង បន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងសន្តិសុខ។ អ្នកនាំពាក្យចិនបាននិយាយថា «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិនៅអ៊ុយក្រែនទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយបេសកកម្មចិនប្រចាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ។

អ្នកនាំពាក្យបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា «សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន គឺពោរពេញដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងវោហាសាស្ត្រដ៏អាក្រក់ ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺពោរពេញទៅដោយការញុះញង់ ការភូតកុហក បំភ្លើស និងលាបពណ៌»។
មេដឹកនាំនៃបណ្តាប្រទេសណាតូ បានប្រកាន់ជំហរប្រឆាំងកាន់តែខ្លាំងលើការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី ហើយសេចក្តីប្រកាសនេះបានពង្រឹងភាសារិះគន់របស់ណាតូ ទៅលើចិន។ ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន ១២ ចំណុចកាលពីជាងមួយឆ្នាំមុន ដែលនិយាយពីគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ ផែនការនោះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលនោះទាំងនៅរុស្ស៊ី និងអ៊ុយក្រែន៕