ប្រជាជនឈីលីដែលគ្មានផ្ទះសម្បែង និងអ្នកដែលកំពុងធ្វើការនៅខាងក្រៅក្នុងទីក្រុងសាន់ត្យាហ្គោ(Santiago) បានទទួលរងនូវសីតុណ្ហភាពធ្លាក់ចុះទាប កាលពីថ្ងៃពុធ ដែលបណ្តាលមកពីរលកប៉ូល នៅក្នុងប្រទេសអាមេរិកខាងត្បូង។

កម្មករធ្វើការនៅពេលព្រឹកព្រលឹម នៅទីផ្សារកសិផល បានប្រមូលផ្តុំគ្នានៅជុំវិញភ្នក់ភ្លើង ផឹកកាហ្វេដើម្បីទប់ទល់ទៅនឹងភាពត្រជាក់ ខណៈអ្នកគ្មានផ្ទះសម្បែង ដេកនៅលើចិញ្ចើមផ្លូវ រុំដោយភួយ។

រដ្ឋមន្ត្រីអភិវឌ្ឍន៍សង្គមរបស់ប្រទេសឈីលី លោក ចាវីរ៉ា តូរ៉ូ(Javiera Toro) បានប្រកាសថា រដ្ឋាភិបាលនឹងជំរុញកម្មវិធី ក្នុងគោលបំណងការពារប្រជាជន ដែលរស់នៅតាមដងផ្លូវគ្មានផ្ទះសម្បែង ក្នុងរដូវកាលដ៏គ្រោះថ្នាក់នេះ។

យោងតាមអង្គភាពសេវាឧតុនិយមរបស់ប្រទេសឈីលី បានឲ្យដឹងថា ប្រទេសឈីលី កំពុងទទួលរងនូវរលកត្រជាក់ ដោយមានសីតុណ្ហភាពធ្លាក់ចុះទាបបំផុតនៅក្នុងទីក្រុង Santiago ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលធ្លាក់ចុះដល់ -១,៣ អង្សាសេ កាលពីថ្ងៃអាទិត្យ ទី៧ ខែកក្កដា។