អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គណៈកម្មការពាក់ព័ន្ធទាំងអស់បានត្រៀមរួចរាល់ សម្រាប់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោដែលជាគម្រោងមោទនភាពជាតិជាប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនាដើមខែសីហាខាងមុខ។

ការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញនេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់ដំណើរការបើកជាផ្លូវការគម្រោងផ្លូវនាវាចរណ៍ដែលជាគម្រោងប្រវត្តិសាស្រ្តក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការបន្តដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅលើគម្រោងនាវាចរណ៍នេះ គឺជាគម្រោងដ៏មានមោទកភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ ហើយមកទល់ពេលនេះញ គ្រប់គណៈកម្មការទាំងអស់ត្រៀមរួចរាល់លើការងារនេះដោយសម្រេចបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីប្រាកដថាដំណើរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោដំណើរការរដោយរលូនតាមការគ្រោងទុក។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោងនេះត្រូវបានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោងនេះក្លាយជាផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវទឹករវាងទន្លេរទៅកាន់សមុទ្រកម្ពុជា ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈគម្រោងគ្រោងចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម







