កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេង ទំនើងចំនួន៦នាក់ ក្នុងចំណោម បក្សពួក១០នាក់ ដែលធ្វើសកម្មភាពកាប់គ្នា បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ ។
ប្រតិបត្តិការនេះធ្វើឡើងក្រោយទទួលបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ រហូតឈានដល់ការកំណត់មុខសញ្ញា ឃាត់ខ្លួនក្រុមក្មេងទំនើងបានជាបន្តបន្ទាប់ ចំនួន០៦នាក់ ចំណែក៤នាក់បន្ថែមទៀតកំពុងរត់គេចខ្លួន។ ប៉ុន្តែទោះជាយ៉ាងណា កម្លាំងនគរបាលជំនាញនៅបន្តស្រាវជ្រាវ តាមចាប់ក្រុមទាំងនេះ មកផ្តន្ទាទោសច្បាប់ឲ្យបានដាច់ខាត។
គួរបញ្ជាក់ផងដែរ កាលពីថ្ងៃទី៦ ខែកក្កដា ២០២៤ កន្លង មានក្រុមក្មេងទំនើងមួយក្រុមមានគ្នាប្រមាណ១០នាក់ បានធ្វើសកម្មភាព កាប់ទៅភាគីម្ខាងទៀត បណ្ដាលឲ្យជនរងគ្រោះម្នាក់របួសធ្ងន់ នៅចំណុចផ្លូវ ១៦៨K ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។
បច្ចុប្បន្នក្រុមក្មេងទំនើងទាំង០៦នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភះ


