ទីភ្នាក់ងារជំនួយនិងការងារសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បានប្រកាស កាលពីថ្ងៃពុធថា មូលនិធិរបស់ខ្លួនសម្រាប់ទ្រទ្រង់ប្រតិបត្តិការសំខាន់ៗ នឹងមានរយៈពេលរហូតដល់ត្រឹមតែចុងខែសីហាប៉ុណ្ណោះ។ ទីភ្នាក់ងារ UNRWA និយាយនៅក្នុងសេចក្តីថ្លែងការណ៍ លើគណនីវេទិកា X របស់ខ្លួនថា ទីភ្នាក់ងារ មានមូលនិធិគ្រប់គ្រាន់ដើម្បីទ្រទ្រង់ប្រតិបត្តិការដ៏សំខាន់របស់ខ្លួនរហូតដល់ត្រឹមតែចុងខែក្រោយ។

ដោយសារវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងររបស់ ទីភ្នាក់ងារ UNRWA សន្និសីទសន្យាមួយត្រូវបានកំណត់ធ្វើនៅទីក្រុងញូវយ៉ក នៅថ្ងៃសុក្រ។ ទីភ្នាក់ងារ បានបង្ហាញក្តីសង្ឃឹមថា សន្និសីទនេះនឹងជួយធានាបាននូវមូលនិធិគ្រប់គ្រាន់ដើម្បីរ៉ាប់រងការចំណាយរបស់ខ្លួន និងបន្តផ្តល់សេវាសង្គ្រោះជីវិត នៅក្នុងតំបន់ហ្កាហ្សា និងតំបន់ផ្សេងទៀត។

យោងតាមអាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសនៅតំបន់ហ្កាហ្សា បានឲ្យដឹងថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានកើនឡើងដល់៣៨.២៩៥នាក់។
អ៊ីស្រាអែល បាននឹងកំពុងវាយលុកទ្រង់ទ្រាយធំប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងការសងសឹកចំពោះការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។