នៅថ្ងៃទី១១ ខែកក្កដានេះ គឺថ្ងៃទិវាប្រជាជនពិភពលោក លើកទី៣៥ ឆ្នាំ២០២៤។ តាមរយៈទិវានេះ មន្ត្រីជាន់ខ្ពស់ក្រសួងផែនការបានអះអាងថា មកបច្ចុប្បន្នកម្ពុជា កំពុងមានសក្តានុពល មានកំណើនយុវជនពេញកម្លាំងការងារគ្រប់គ្រាន់ ក្នុងផ្គត់ផ្គងទីផ្សារការងារ និងការជំរុញកំណើនសេដ្ឋកិច្ចជាតិនៅឆ្នាំបន្តបន្ទាប់ខាងមុខ។
ឯកឧត្តម បណ្ឌិត ប៉ូច ប៊ុណ្ណាក់ រដ្ឋលេខាធិការក្រសួងផែនការ ថ្លែងប្រាប់ BTV នៅថ្ងៃទី១១ ខែកក្កដានេះថា មកដល់ឆ្នាំ២០២៤នេះ កម្ពុជាមានប្រជាជនសរុប ១៧លាន៣សែននាក់ ក្នុងនោះមានប្រជាជនស្ថិតក្នុងវ័យធ្វើការ អាយុ ១៥ដល់៦៤ឆ្នាំ មានប្រមាណ ១១លាន៥សែននាក់ ស្មើនឹង ៦៦.៣% ក្នុងនោះមានយុវជនពេញកម្លាំងធ្វើការងារមួយចំនួនគឺបាននិងកំពុងធ្វើការងារសេដ្ឋកិច្ចនៅក្នុងប្រព័ន្ធ និងខ្លះធ្វើការងារនៅក្នុងផែ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបង្កើតប្រាក់ចំណូលដោយខ្លួនឯង។
ឯកឧត្តមថែ្លងថា ជារួមបច្ចុប្បន្នកម្ពុជា មិនមានបញ្ហាកង្វះពលកម្មការងារនោះទេ ហើយដើម្បីបង្កើនសក្តាពលពលកម្មទីផ្សារការងារនៅកម្ពុជា បច្ចុប្បន្នប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបង្កើនការអភិវឌ្ឍធនធានមនុស្ស អនុវត្តគោលនយោបាយផ្តល់អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសជូនយុវជន១លាន៥សែននាក់ ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជនពីការធ្វើការងារ ដោយប្រើប្រាស់កម្លាំងទៅប្រើប្រាស់សមត្ថភាពជំនាញវិជ្ជាជីវៈដើម្បីធ្វើការងារវិញ។
ឯកឧត្តម បន្តថា កម្ពុជា ចាប់ពីឆ្នាំ២០២៤នេះ រហូតឆ្នាំ២០៤៥ នឹងបន្តមានកំណើនយុវជនពេញកម្លាំងធ្វើការងារ ប្រមាណជិត១៥លាននាក់ ពោលគឺមានកំណើនប្រមាណ១.២% ហើយតាមរយៈអនុវត្តគោលនយោបាយជាយុទ្ធសាស្ត្រជាច្រើន របស់រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននឹងធ្វើឲ្យកម្ពុជា មានសក្តានុពលកាន់តែខ្លាំងលើការមានយុវជនពេញកម្លាំងធ្វើការងារដោយមានជំនាញវិជ្ជាជីវៈ និងការជំរុញសេដ្ឋកិច្ចកម្ពុជា មានកំណើនល្អប្រសើរ និងស្របពេលកម្ពុជាកំពុងរៀបចំខ្លួនចាកចេញជាផ្លូវការពីប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខនេះ៕ អត្ថបទ ស៊ុម សុខជា



