
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក ឌ្មីទ្រី ម៉េដវ៉េដេវ (Dmitry Medvedev) បានសរសេរនៅលើ Telegramថា ការផ្លាស់ប្តូររបបជ្រុលនិយមនៅទីក្រុងគីវ អាចជំរុញកិច្ចពិភាក្សាស្តីពីការដោះស្រាយស្ថានការណ៍ នៅអ៊ុយក្រែន។
នៅក្នុងការបង្ហោះរបស់ខ្លួន អ្នកនយោបាយរុស្ស៊ីរូបនេះ បានវាយតម្លៃថា តើអាចនឹងមានអ្វីកើតឡើង ប្រសិនបើទីក្រុងគីវ ទទួលយកលក្ខខណ្ឌរបស់ទីក្រុងមូស្គូ ដែលកំណត់ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងជំនួបជាមួយមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស។ លក្ខខណ្ឌទាំងនោះ រួមមានតម្រូវការក្នុងការទទួលយកលទ្ធផលនៃប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូ ការគោរពព្រំដែនតាមរដ្ឋធម្មនុញ្ញរបស់ រុស្ស៊ី និងស្ថានភាពអព្យាក្រឹតសម្រាប់អ៊ុយក្រែន។

លោក ម៉េដវ៉េដេវ បានចង្អុលបង្ហាញថា ទោះបីជាទីក្រុងគីវ ដែលបានបដិសេធគំនិតផ្តួចផ្តើមនេះ នៅទីបំផុតទទួលយកលក្ខខណ្ឌរបស់រុស្ស៊ីក៏ដោយ ទីក្រុងមូស្គូ គួរតែបន្តការប្រុងប្រយ័ត្ន ព្រោះរុស្ស៊ី នឹងមិនទទួលបានអត្ថប្រយោជន៍ពីការផ្អាកក្នុងប្រតិបត្តិការយោធា ដែលនឹងអនុញ្ញាតឲ្យអ៊ុយក្រែនប្រមូលផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ ខណៈដែលគ្មានសេចក្តីថ្លែងការណ៍ណាមួយពីអ៊ុយក្រែន អាចធ្វើឲ្យជឿទុកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ទាំងអស់នេះ អាចបង្កឲ្យមាន «ស្ថានភាពដូចបដិវត្តន៍Maidanទី៣ថ្មី» នៅក្នុងអ៊ុយក្រែនដែលនឹង «បោសសម្អាតរបបយោធាបច្ចុប្បន្ន ដោយនាំយកក្រុមជ្រុលនិយមកាន់តែច្រើនឡើងកាន់អំណាច»។