
ដោយបាននិយាយជាលើកដំបូង ពោលគឺរយៈពេល ៣ថ្ងៃបន្ទាប់ពីការបោះឆ្នោតសភា បានបញ្ចប់ទៅដោយជាប់គាំង ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលថ្ងៃពីពុធ (ទី១០ ខែកក្កដា) បាននិយាយថា «ពេលវេលាតិចតួច» នឹងត្រូវការដើម្បីបង្កើតនូវ «ការប្រមូលផ្តុំដ៏ធំ» ជាអ្វីដែលលោកហៅថា «កម្លាំងសាធារណរដ្ឋ» ដែលអាចបង្កើតបានរដ្ឋាភិបាលចម្រុះ។
ដោយមានរយៈពេលត្រឹមតែ ១៦ថ្ងៃប៉ុណ្ណោះ ពីការបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស (Olympic Games Paris 2024) វានៅមិនច្បាស់ទេថា តើលោក Macron មានគំនិតចង់ពន្យារពេលដែរ ឬយ៉ាងណា ដែលមានន័យថា មិនមានរដ្ឋាភិបាលថ្មីណាមួយលេចរូបរាងឡើង នៅពេលដែលការប្រកួតប្រជែងកីឡាដ៏ធំរបស់ពិភពលោកនេះចាប់ផ្តើម។ សម្រាប់ពេលនេះ លោកបានស្នើឲ្យនាយករដ្ឋមន្ត្រី លោក Gabriel Attal ដែលការសុំលាលែងពីតំណែងរបស់ខ្លួន ត្រូវបានបដិសេធនោះ បន្តធ្វើតួនាទីក្នុងនាមរដ្ឋាភិបាលចាំផ្ទះសិន។
តាមរយៈលិខិតមួយទៅកាន់ប្រជាជនបារាំង ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ មុនការគ្រោងបោះពុម្ពផ្សាយ នាថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) លើទំព័រសារព័ត៌មានក្នុងតំបន់នោះ លោក Macron បាននិយាយអំពីការបោះឆ្នោតដែលលោកបានប្រកាសភ្លាមៗ កាលពីខែមុនថា «គ្មាននរណាម្នាក់ឈ្នះការបោះឆ្នោតនេះទេ»។ ការលើកឡើងនោះហាក់ដូចជាបង្កឲ្យមានការខឹងសម្បាពីគណបក្សរណសិរ្សឆ្វេងនិយមថ្មី (New Popular Front) ជាសម្ព័ន្ធភាពឆ្វេងនិយមដែលទទួលបានសំឡេងឆ្នោតលំដាប់ទី១ ជាមួយនឹងអាសនៈប្រហែល ១៨០ នៅក្នុងរដ្ឋសភា។

សម្ព័ន្ធភាពនេះ គឺមិនមានចំនួន ២៨៩អាសនៈ ដែលត្រូវការសម្រាប់សំឡេងភាគច្រើនដាច់ខាតនោះឡើយ ហើយមិនមានអំណាចគ្រប់គ្រាន់ ក្នុងការគ្រប់គ្រងនោះទេ ប៉ុន្តែមេដឹកនាំរបស់គណបក្សរណសិរ្សក្រុមឆ្វេងនិយមថ្មី បាននិយាយថា ពួកគេជឿថា ក្រុមឈ្នះ ហើយបាននិយាយថា ខ្លួននឹងដាក់ឈ្មោះ ដែលជាជម្រើសរបស់ខ្លួនសម្រាប់តំណែងនាយករដ្ឋមន្ត្រីក្នុងសប្តាហ៍នេះ។
តែយ៉ាងណាក្ដី លិខិតនោះទំនងបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើការស្នើកើតឡើង លោក Macron ស្ទើរតែប្រាកដណាស់ថា នឹងបដិសេធជម្រើសរបស់ក្រុមឆ្វេងនិយម ដោយការសម្រេចបែបនេះ នឹងបង្កើនភាពតានតឹងផ្នែកនយោបាយដែលមានកម្រិតខ្ពស់រួចទៅហើយនោះ៕