
មេដឹកនាំក្រុមហេសបូឡា លោក សាយយីដ ហាសសាន់ ណាស្រាឡា ( Sayyed Hassan Nasrallah) បាននិយាយថា ក្រុមហាម៉ាស កំពុងធ្វើកិច្ចចរចាបទឈប់បាញ់ នៅតំបន់ហ្គាហ្សាជាមួយអ៊ីស្រាអែល ក្នុងនាម «អ័ក្សនៃការតស៊ូ»ទាំងមូល ហើយប្រសិនបើកិច្ចព្រមព្រៀងមួយ ត្រូវបានឈានដល់ ហេសបូឡាហ៍នឹងបញ្ឈប់ប្រតិបត្តិការរបស់ខ្លួន ដោយមិនចាំបាច់មានកិច្ចពិភាក្សាដាច់ដោយឡែកនោះទេ។
ក្នុងពេលជាមួយគ្នានោះ លោក ណាស្រាឡា បានព្រមានថា ក្រុមហេសបូឡា បានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើសង្គ្រាម និងមិនខ្លាចសង្គ្រាមទេ ហើយបាននិយាយសំដៅគ្រាប់រ៉ុក្កែត និងយានដ្រូនដែលក្រុមនេះបានបាញ់ទៅលើអ៊ីស្រាអែល ជាភ័ស្តុតាងជាក់ស្តែង។
អ័ក្សនៃការតស៊ូនេះ គឺជាសម្ព័ន្ធភាពមួយ ដែលបានបង្កើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំនៃការគាំទ្ររបស់អ៊ីរ៉ង់ប្រឆាំងនឹងឥទ្ធិពលរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅមជ្ឈិមបូព៌ា។ អ័ក្សនេះ រួមបញ្ចូលទាំងក្រុមប្រដាប់អាវុធហ៊ួទីនៅប្រទេសយេម៉ែន និងក្រុមប្រដាប់អាវុធស៊ីអ៊ីត នៅក្នុងប្រទេសអ៊ីរ៉ាក់។

ក្នុងអំឡុងពេលថ្លែងសុន្ទរកថាតាមទូរទស្សន៍មួយ ដើម្បីកាន់ទុក្ខចំពោះការសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡានាពេលថ្មីៗនេះ លោក ណាស្រាឡា បាននិយាយថា៖«ក្រុមហាម៉ាស កំពុងចរចាក្នុងនាមខ្លួន និងក្នុងនាមក្រុមប្រឆាំងប៉ាឡេស្ទីន ហើយក៏ក្នុងនាមនៃក្រុមប្រឆាំងទាំងមូលផងដែរ។ អ្វីដែលក្រុមហាម៉ាស ទទួលយក យើងទាំងអស់គ្នា ក៏ទទួលយកដែរ»។