
ទីភ្នាក់ងារទិញសព្វាវុធរបស់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បាននិយាយថា ប្រទេសរបស់ខ្លួន នឹងដាក់ពង្រាយអាវុធឡាស៊ែរ ដើម្បីបាញ់ទម្លាក់យានដ្រូនរបស់កូរ៉េខាងជើង ដោយការធ្វើបែបនេះនាំឲ្យក្លាយជាប្រទេសដំបូងគេរបស់ពិភពលោកដែលដាក់ពង្រាយ និងប្រតិបត្តិការអាវុធបែបនេះនៅក្នុងយោធា។
ប្រទេសកូរ៉េខាងត្បូងបានហៅកម្មវិធីអាវុធឡាស៊ែររបស់ខ្លួនថា «គម្រោង StarWars»។ រដ្ឋបាលកម្មវិធីលទ្ធកម្មការពារជាតិកូរ៉េខាងត្បូង (Dapa) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាវុធឡាស៊ែរបំផ្លាញយានដ្រូនដែលយោធាកូរ៉េខាងត្បូងបានផលិតឡើងជាមួយក្រុមហ៊ុន Hanwha Aerospace មានប្រសិទ្ធភាព និងតម្លៃថោក ដោយត្រូវចំណាយ ២.០០០វ៉ុន (១,៤៥ដុល្លារ) ក្នុងការបាញ់ម្ដង ប៉ុន្តែស្ងាត់ និងមើលមិនឃើញ។

ដោយហៅអាវុធទាំងនោះថា ជាការផ្លាស់ប្តូរការប្រយុទ្ធ នៅក្នុងសមរភូមិ នាពេលអនាគត Dapa បានប្រាប់ឲ្យដឹងថា៖ «ប្រទេសរបស់យើងកំពុងក្លាយជាប្រទេសដំបូងគេក្នុងពិភពលោកដែលដាក់ពង្រាយ និងប្រតិបត្តិការអាវុធឡាស៊ែរ ហើយសមត្ថភាពឆ្លើយតបរបស់យោធារបស់យើង ចំពោះការបង្កហេតុ ដោយយានដ្រូនរបស់កូរ៉េខាងជើង នឹងត្រូវបានពង្រឹងបន្ថែមទៀត»។
គួរបញ្ជាក់ថា កាលពីខែធ្នូ យានដ្រូនរបស់កូរ៉េខាងជើងចំនួន ៥គ្រឿង បានហោះឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលតាមលក្ខណៈបច្ចេកទេសនៅតែមានសង្រ្គាមជាមួយទីក្រុងព្យុងយ៉ាង ដោយការឆ្លងចូលនោះបានជំរុញឲ្យទីក្រុងសេអ៊ូលប្រញាប់ប្រញាល់បញ្ចេញយន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រវាយប្រហារ ហើយព្យាយាមបាញ់ទម្លាក់យានទាំងនោះ ដែលជាការរំលោភចូលដែនដីលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧ មក៕