ភ្នំពេញ ៖ ក្រសួងអប់រំ តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ឱ្យគ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនដែលពុំទាន់ បានបើកដំណើរការឡើងវិញ ក្នុងដំណាក់កាលទី២នេះ គឺត្រូវតែរង់ចាំ និងបន្តការរៀបចំគ្រឹះស្ថាន របស់ខ្លួន ឱ្យស្របទៅនឹងគោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ ១៩។
ជុំវិញការបើកដំណើរការសាលារៀនជាថ្មី ក្នុងដំណាក់កាលទី២ នេះ គឺមានតែគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន និងគ្រឹះស្ថានសិក្សាឯកជនមួយចំនួនប៉ុណ្ណោះ ពុំទាន់មានការបើកដំណើរការគ្រប់គ្រឹះស្ថានសិក្សាពេញផ្ទៃប្រទេសនោះទេ។ នេះជាការបញ្ជាក់ជាថ្មីម្ដងទៀត របស់ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ។
ឯកឧត្តម លើកឡើងថា សម្រាប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជនដែលមិនទាន់បានបើកដំណើរការក្នុងដំណាក់កាលទី២នេះ គឺត្រូវតែបន្តការរង់ចាំ និងត្រូវតែបន្តរៀបចំគ្រឹះស្ថានសិក្សារបស់ខ្លួនឱ្យស្របទៅនឹង គោលការណ៍ប្រតិបត្តិស្តង់ដារ សម្រាប់ដំណើរការសាលារៀនឡើងវិញ ក្នុងបរិបទកូវីដ –១៩ ។ ការតម្រូវបែបនេះ ជារឿងចាំបាច់ដោយគិតគូរខ្ពស់ពីសុខភាពរបស់សិស្ស និងសុខភាពរបស់បុគ្គលិកអប់រំផងដែរ។
ឯកឧត្តមអ្នកនាំពាក្យ បញ្ជាក់ថា ការអនុញ្ញាតឱ្យបើកដំណើរការក្នុងដំណាក់កាលទី៣ គឺត្រូវបន្តរង់ចាំការត្រួតពីនិត្យវាយតម្លៃជាក់ស្ដែង ដោយក្រសួងអប់រំ រួមជាមួយក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងក្រសួងស្ថាប័នពាក់ព័ន្ធ ជាដំណាក់កាលរហូតដល់អំឡុងខែ វិច្ឆិកា ទើបឈានទៅរកការដាក់ពាក្យស្នើសុំពីរាជរដ្ឋាភិបាល ដើម្បីបើកដំណើរការ។
បច្ចុប្បន្ននេះ ក្រសួងអប់រំ បានអនុញ្ញាតឱ្យសិស្សថ្នាក់ទី ៩និងសិស្សថ្នាក់ទី ១២ទូទាំងប្រទេសចូលរៀនជាថ្មីក្នុងដំណាក់កាលទី ២ ដែលកំពុងដំណើរការដល់ពេលបច្ចុប្បន្ន ដើម្បីឱ្យសិស្សទាំងពីរក្រុមនេះ មានពេលវេលាគ្រប់គ្រាន់សម្រាប់ការប្រឡងបញ្ចប់ឆ្នាំ។ សម្រាប់ការប្រឡង ជាពិសេសផ្តោតលើសិស្សថ្នាក់ទី ១២ នឹងប្រឡងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២០ ដែលក្រសួងអប់រំ យុវជន និងកីឡា នៅតែបន្តរក្សាគោលការណ៍ច្បាប់ តម្លាភាព និងលទ្ធផលទទួលយកបាន ដោយពុំមានការបន្ធូរបន្ថយកម្រិតវិញ្ញាសា រនោះទេ។ ក្រសួងអប់រំនៅតែបន្តបញ្ជាក់ឱ្យបេក្ខភាពប្រឡងត្រូវតែយកចិត្តទុកដាក់ ប្រឹងប្រែងរៀនសូត្រនៅក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សាជាចាំបាច់ សម្រាប់ការប្រឡងនាពេលខាងមុខនេះ។ បច្ចុប្បន្នភាពសម្រាប់សាលារៀនគួរ ជាសាលាដែលពុំមានអាជ្ញាប័ណ្ណពីក្រសួង អប់រំ គឺពុំទាន់មានគោលការណ៍អនុញ្ញាតឱ្យបើកដំណើរការវិញនោះទេ៕
អត្ថបទ ៖ គឹមហុក



