
ប្រទេសចិនកំពុងធ្វើសមយុទ្ធយោធាជាមួយបេឡារុស នៅសប្តាហ៍នេះ តាមព្រំដែនភាគខាងកើតរបស់ប្រទេសសមាជិកអង្គការណាតូ ដែលនេះជាសញ្ញានៃភាពតានតឹង រវាងទីក្រុងប៉េកាំង និងសម្ព័ន្ធមិត្តការពារជាតិដឹកនាំដោយសហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា សមយុទ្ធឈ្មោះ «ប្រឆាំងភេរវករ» រួមគ្នា នៅលើដែនដីនៃសម្ព័ន្ធមិត្តរបស់ប្រទេសរុស្ស៊ី គឺបេឡារុស នៅជិតព្រំដែនរបស់ប៉ូឡូញនេះ បានកើតមានឡើងក្នុងខណៈពេលដែលមេដឹកនាំរបស់អង្គការណាតូជួបជុំគ្នា សម្រាប់កិច្ចប្រជុំកំពូល ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយសង្រ្គាមក្នុងប្រទេសអ៊ុយក្រែនក្បែរនោះ ស្ថិតក្នុងរបៀបវារៈរបស់បណ្ដាមេដឹកនាំទាំងនោះ។
ដោយទំនាក់ទំនង រវាងអង្គការណាតូ នៅម្ខាង ហើយប្រទេសចិន និងរុស្ស៊ី នៅម្ខាងទៀត ស្ថិតក្នុងកម្រិតទាប អ្នកវិភាគជឿថា ទីក្រុងប៉េកាំងចង់ផ្ញើសារព្រមានដល់សម្ព័ន្ធភាពជាមួយនឹងពេលវេលានៃសមយុទ្ធនេះ។ សមយុទ្ធចិន-បេឡារុស ធ្លាប់កើតមានកាលពីមុន ប៉ុន្តែនេះគឺជាលើកទី១ ចាប់តាំងពីរុស្ស៊ីបានលុកលុយប្រទេសជិតខាងអ៊ុយក្រែន ដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូ កាលពីខែកុម្ភៈ ឆ្នាំ២០២២។

បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយ កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) ដោយក្រសួងការពារជាតិចិន បានឲ្យដឹងថា សមយុទ្ធនេះបានចាប់ផ្តើមនៅថ្ងៃទី៨ ខែកក្កដា នៅទីក្រុង Brest ដែលជាទីក្រុងជាប់ព្រំដែនជាមួយប៉ូឡូញ។ សេចក្តីថ្លែងការណ៍នោះបានរៀបរាប់ថា សមយុទ្ធនេះនឹងមានរយៈពេលរហូតដល់ពាក់កណ្តាលខែកក្កដា ប៉ុន្តែមិនបានផ្តល់ចំនួនពិតប្រាកដនៃទាហានចិនដែលចូលរួមនោះឡើយ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា ភាគីទាំង២ កំពុងធ្វើការ ដើម្បី «ធ្វើឲ្យបច្ចេកទេសប្រយុទ្ធកាន់តែប្រសើរឡើង ហើយនិងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងកងទ័ពទាំង២»៕
