
អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានបង្កើនការវាយប្រហារលើអតីតប្រធានាធិបតី លោក Donald Trump កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) ខណៈដែលលោកស្រី បាននិយាយនៅទីក្រុង Dallas ថា Trump នឹងចាប់សត្រូវនយោបាយ និរទេសអ្នកតវ៉ាដោយសន្តិវិធី និងបញ្ចប់រដ្ឋធម្មនុញ្ញ ក្នុងអាណត្តិទី២។
លោកស្រី Harris បាននិយាយថា៖ «សូមពិចារណាពាក្យពេចន៍ទាំងអស់នេះ។ លោក Donald Trump បានប្តេជ្ញាយ៉ាងបើកចំហថា ប្រសិនបើជាប់ឆ្នោតជាថ្មី លោកនឹងក្លាយជាជនផ្តាច់ការនៅថ្ងៃមួយ ហើយថា លោកនឹងបំពាក់អាវុធដល់ក្រសួងយុត្តិធម៌ប្រឆាំងនឹងសត្រូវនយោបាយរបស់លោក ចាប់អ្នកតវ៉ាដោយសន្តិវិធី ហើយបណ្តេញពួកគេចេញពីប្រទេសរបស់យើង ហើយសូម្បីតែ បញ្ចប់រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក»។
លោកស្រី Harris ធ្លាប់បានរិះគន់លោក Trump ខ្លាំងៗ កាលពីអតីតកាល ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ ក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះ ដោយសារការកើនឡើងនូវសំណួររបស់សមាជិកគណបក្សប្រជាធិបតេយ្យថា តើលោកប្រធានាធិបតី Joe Biden មានសមត្ថភាពក្នុងការយកជ័យជម្នះលើលោក Trump ក្នុងខែវិច្ឆិកា និងលទ្ធភាពក្នុងការធ្វើតួនាទីរយៈពេល ៤ឆ្នាំទៀតដែរ ឬទេ? លោកស្រីកាន់តែច្បាស់អំពីគ្រោះថ្នាក់ដែលលោកស្រីមើលឃើញនៅក្នុងអាណត្តិទី២ របស់លោក Trump។
គួរបញ្ជាក់ថា លោកស្រី Harris បានលេចវត្តមានឡើង ក្នុងនាមជាអ្នកជំនួសលោក Biden ក្នុងតំណែងបេក្ខជនទី១ របស់គណបក្សប្រជាធិបតេយ្យ ប្រសិនបើរូបលោកបោះបង់ចោលការប្រកួតប្រជែង៕