
សេចក្តីថ្លែងការណ៍មួយពីការិយាល័យរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បានឲ្យដឹងថា លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានបង្ហាញនូវក្តីបារម្ភរួមគ្នា ចំពោះទំនាក់ទំនងដែលកំពុងរីកចម្រើន រវាងរុស្ស៊ី និងកូរ៉េខាងជើង ហើយបានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ប្រទេសទាំង២។
មេដឹកនាំទាំង២ ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ រយៈពេឡ ៣ឆ្នាំជាប់ៗគ្នា កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) បានជួបគ្នានៅខាងក្រៅព្រឹត្តិការណ៍នេះ ដែលធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ដតាមរយៈការដកស្រង់សម្តីដោយការិយាល័យរបស់លោក លោក Yoon បានប្រាប់ថា កិច្ចសហប្រតិបត្តិការផ្នែកយោធា និងសេដ្ឋកិច្ច រវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាកង្វល់សន្តិសុខ សម្រាប់តំបន់អាស៊ីបូព៌ា និងសកលលោក។

ជាមួយគ្នានេះ លោកក៏បានបន្ថែមផងដែរថា ទំនាក់ទំនងដែលរីកចម្រើនឡើងរបស់ទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ បញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំកំពូលត្រីភាគី នៅឯវិមានសម្រាកលំហែ Camp David ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងនាយករដ្ឋមន្ត្រីជប៉ុន លោក Kishida កាលពីឆ្នាំមុន ជាកន្លែងដែលមេដឹកនាំទាំង៣ យល់ព្រមក្នុងការធ្វើឲ្យកិច្ចសហប្រតិបត្តិការយោធា និងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅ។
គិតចាប់តាំងពីចូលកាន់តំណែងក្នុងឆ្នាំ២០២២ លោក Yoon បានប្រឹងប្រែងជួសជុលទំនាក់ទំនងជាមួយទីក្រុងតូក្យូដែលត្រូវបានប្រឈមដោយជម្លោះប្រវត្តិសាស្ត្រ ផ្តើមចេញពីការគ្រប់គ្រងលើកូរ៉េរបស់ជប៉ុន ចន្លោះឆ្នាំ១៩១០-១៩៤៥។
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយសារព័ត៌មាន Reuters លោក Yoon បានព្រមានរុស្ស៊ីអំពីទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់កូរ៉េខាងជើងថា ជាអ្នកផ្គត់ផ្គង់កាំភ្លើងធំ និងមីស៊ីលបាលីស្ទិកទៅឲ្យរុស្ស៊ី ដើម្បីយកទៅប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន ដែលទាំងទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាង បដិសេធយ៉ាងដាច់អហង្ការ៕