
អនុរដ្ឋមន្ត្រីការពារជាតិ លោក Kim Seon-ho នៅថ្ងៃព្រហស្បតិ៍នេះ បានប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ជាមួយប្រទេសអូស្ត្រាលី ស្របពេលមានទំនាក់ទំនងឧស្សាហកម្មសព្វាវុធកំពុងរីកចម្រើន រវាងប្រទេសទាំងពីរ។
លោក Kim បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលសន្និសីទការពារជាតិទ្វេភាគីនៅទីក្រុងកង់បេរ៉ា ដែលបានពិភាក្សាអំពីការគំរាមកំហែងសំខាន់ៗ នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងវិធី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងយោធា និងឧស្សាហកម្មការពារជាតិរបស់ប្រទេសទាំងពីរ។

ក្រុមហ៊ុនការពារជាតិកូរ៉េខាងត្បូង រួមទាំងក្រុមហ៊ុនសាងសង់នាវា Hanwha Ocean និង HD Hyundai Heavy Industries ក៏បានចូលរួមក្នុងសន្និសីទនេះ ដើម្បីបង្ហាញផលិតផលរបស់ពួកគេ ផងដែរ។
លោក Kim បាននិយាយថា៖«ចំពេលបរិយាកាសសន្តិសុខពិភពលោកដ៏ធ្ងន់ធ្ងរមួយ (សន្និសីទ)នេះ បានបង្ហាញនូវឱកាសមួយ ដើម្បីពង្រឹងទំនាក់ទំនងរវាងកូរ៉េខាងត្បូង និងអូស្ត្រាលី»។ «(យើង) នឹងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងឧស្សាហកម្មអាវុធទ្វេភាគី»។
ប្រទេសទាំងពីរ បានពង្រឹងទំនាក់ទំនងលើវិស័យការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទីក្រុងកង់បេរ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងធំៗ ដើម្បីទិញប្រព័ន្ធសព្វាវុធរបស់កូរ៉េខាងត្បូង រួមទាំងយានយន្ត ប្រយុទ្ធរបស់កងទ័ពថ្មើរជើង Redback និងកាំភ្លើងបាញ់ផ្លោង K9 ផងដែរ។