
នគរបាលអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បាននិយាយថា បុរសអាយុ ២៨ឆ្នាំម្នាក់ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាត បន្ទាប់ពីមានអគ្គិភ័យឆាបឆេះផ្ទះមួយខ្នង នៅភាគខាងលិចទីក្រុងស៊ីដនី ដែលបានបណ្ដាលឲ្យកុមារ ៣នាក់ ស្លាប់ ដោយក្នុងនោះមានទាំងទារិកាទើបបាន ៥ខែម្នាក់ផងដែរ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា បុរសនោះត្រូវបានចោទប្រកាន់ថា បានដុតផ្ទះ ខណៈដែលប្រពន្ធរបស់ខ្លួន និងកូនៗ ៧នាក់របស់នាង នៅខាងក្នុងនោះ។ នគរបាលបាននិយាយថា បុរសនោះបានខឹងសម្បា ដែលព្យាយាមចូលទៅក្នុងគេហដ្ឋាននោះមិនបាន ហើយថា ពួកគេចាត់ទុកវាថា ជា «អំពើមនុស្សឃាតដែលទាក់ទងនឹងមនុស្សក្នុងគ្រួសារ»។

នៅថ្ងៃព្រហស្បតិ៍នេះ នគរបាលរដ្ឋ New South Wales បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសមិនត្រូវបានបញ្ចេញឈ្មោះឲ្យដឹង ដែលស្ថិតនៅក្រោមការយាមកាមរបស់នគរបាល ក្នុងមន្ទីរពេទ្យ ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតចំនួន ៣ករណី ប៉ុនប៉ងមនុស្សឃាត ៥ករណី និងពីបទបំផ្លាញទ្រព្យសម្បត្តិ ក្នុងចេតនាបង្កគ្រោះថ្នាក់ដល់អាយុជីវិត។
គួរបញ្ជាក់ថា ក្មេងប្រុស ២នាក់ ម្នាក់អាយុ ២ឆ្នាំ និងម្នាក់ ៦ឆ្នាំ ហើយនិងទារិកាទើបបាន ៥ខែម្នាក់ បានបាត់បង់ជីវិត ក្នុងអគ្គិភ័យនោះ។ ជនរងគ្រោះទាំងនោះមិនទាន់ត្រូវបានកំណត់អត្តសញ្ញាណជាផ្លូវការនៅឡើយទេ។ ចំណែកស្ត្រីអាយុ ២៩ឆ្នាំម្នាក់ និងក្មេងប្រុស ៣នាក់ អាយុ ៤ឆ្នាំ ៧ឆ្នាំ និង ១១ឆ្នាំ ហើយនិងក្មេងស្រីអាយុ ៩ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ស្ត្រីរូបនោះ ត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ ហើយក្មេងៗ នៅតែស្ថិតក្នុងស្ថានភាពមានស្ថិរភាព៕
