
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ដើម បូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃពុធថា ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល បានចាប់ ផ្តើមមក សាលារៀនចំនួនពីរភាគបីនៅតំបន់ហ្កាហ្សា បានរងការវាយប្រហារ ខ្លះត្រូវបំផ្ទុះគ្រាប់បែក ហើយភាគច្រើន រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
អគ្គស្នងការ UNRWA លោក Philippe Lazzarini បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា សាលារៀន លែងជាកន្លែងអប់រំមានសុវត្ថិភាពតទៅទៀតហើយ និងលែងមានក្តីសង្ឃឹមសម្រាប់ក្មេងៗ ទៅកាន់ទីជម្រកដែលមានមនុស្សច្រើនកកកុញទាំងនោះដែរ ហើយជារឿយៗបានក្លាយជាកន្លែងដែលមានមនុស្សស្លាប់ និងទុក្ខវេទនា។

លោក Lazzarini បានបន្ថែមថា៖«រយៈពេល ៩ខែហើយ ក្រោមការឃ្លាំមើលរបស់យើង ការសម្លាប់ឥតឈប់ឈរ ការបំផ្លិចបំផ្លាញ និងការអស់សង្ឃឹម នៅតែបន្ត។ តំបន់ហ្កាហ្សា មិនមែនជាកន្លែងសម្រាប់កុមារទេ» ដោយបានបញ្ជាក់ថា សាលារៀនចំនួន ៤ ត្រូវបានវាយប្រហារ ក្នុងរយៈពេល ៤ថ្ងៃ ចុងក្រោយនេះ។
អ៊ីស្រាអែល បាននិងកំពុងធ្វើការវាយលុកទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីសងសឹកប្រឆាំងនឹងការវាយលុករបស់ក្រុមហាម៉ាសឆ្លងកាត់ព្រំដែនភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ ក្នុងអំឡុងពេលដែលមនុស្សប្រហែល ១.២០០នាក់ បានស្លាប់ និងជាង ២០០ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ។
អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ យោធាអ៊ីស្រាអែល បានសម្លាប់មនុស្ស ៥២ នាក់ និង ២០៨នាក់ផ្សេងទៀត រងរបួស ដែលនាំឲ្យចំនួនអ្នកស្លាប់សរុប កើនឡើងដល់ ៣៨.២៩៥ នាក់ និងរងរបួសដល់ ៨៨.២៤១នាក់ ចាប់តាំងពីជម្លោះ បានផ្ទុះឡើង។