
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី ១១ ខែកក្កដា នេះថា ខ្លួនបានឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងហោះព័ទ្ធនៅជុំវិញកោះ ជាកំណត់ត្រាខ្ពស់បំផុតនៅឆ្នាំនេះ មួយថ្ងៃបន្ទាប់ពីកោះតៃវ៉ាន់ បាននិយាយថា ទីក្រុងប៉េកាំង ធ្វើសមយុទ្ធនៅក្នុងដែនទឹកក្បែរនេះ។
ប្រទេសចិន ដែលរក្សាវត្តមានយោធាស្ទើរតែរាល់ថ្ងៃ នៅជុំវិញកោះតៃវ៉ាន់ បានអះអាងសិទ្ធលើកោះស្វ័យគ្រប់គ្រងមួយនេះថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន និងបាននិយាយថា ខ្លួននឹងមិនបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីក្រសោបយកកោះនេះមកវិញ ឲ្យនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ។

ចំនួនដ៏ច្រើន នៅថ្ងៃព្រហស្បតិ៍នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងតៃប៉ិ បានប្រទះឃើញយន្តហោះចិន ហោះព័ទ្ធជុំវិញកោះនេះ ដែលប្រទេសចិននិយាយថា ធ្វើដំណើរទៅកាន់សមុទ្រប៉ាស៊ីហ្វិកភាគខាងលិច សម្រាប់ការធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះ Shandong របស់កងទ័ពរំដោះប្រជាជន។
អាជ្ញាធរការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះ របស់កងទ័ពរំដោះប្រជាជន ចំនួន៦៦គ្រឿង និងនាវាកងទ័ពជើងទឹករំដោះប្រជាជន ចំនួន៧គ្រឿង ដែលកំពុងប្រតិបត្តិការនៅជុំវិញកោះតៃវ៉ាន់ ត្រូវបានប្រទះឃើញ រហូតដល់ម៉ោង៦ព្រឹក ថ្ងៃនេះ។
យន្តហោះចិនចំនួន៥៦គ្រឿងក្នុងចំណោមអាកាសយានទាំងអស់ បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏រសើប បែងចែកច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកតូចចង្អៀតប្រវែង១៨០គីឡូម៉ែត្រ ខណ្ឌចែកកោះនេះ ពី ចិនដីគោក។