ភ្នំពេញ៖ ដោយមានការដឹកនាំដោយព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល បានសហការជាមួយមន្រ្តីជំនាញគយ នៃការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានចុះត្រួតពិនិត្យគុណភាពសាច់បង្កកដែលនាំចូលពីប្រទេសជិតខាង តាមរយៈឡាន ៥គ្រឿង ម៉ាកតួរីស ដែលក្នុងនោះមានផ្ទុកនូវសាច់បង្កកចម្រុះរួមមាន៖ ចុងស្លាបមាន់ និងគល់ស្លាបមាន់ ចំនួន ១,៥៦៣កេស ស្មើនឹង ១៧,១៩៣គីឡូក្រាម។
យោងតាមអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញលទ្ធផលឲ្យដឹងថា មន្ត្រីជំនាញ ក.ប.ប. បានពិនិត្យឃើញថាសាច់បង្កកទាំងនោះបានខូចគុណភាព និងផ្ទុកពុំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលមានចែងជាធរមាន និងដោយមានការឯកភាពពីព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. និងការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បានធ្វើការដុតកម្ទេចចោលសាច់បង្កកទាំងនោះតាមនីតិវិធី រីឯម្ចាស់រថយន្ត និងអ្នកនាំចូលត្រូវបានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់២ នៃសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បន្តអនុវត្តតាមនីតិវិធីគយនិងរដ្ឋាករ៕









