បាល់ទាត់៖ ប្រធាន FIFA លោក Gianni Infantino បានសរសេរលិខិតទៅកាន់នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ដើម្បីស្នើសុំការលើកលែងដើម្បីអនុញ្ញាតឱ្យកីឡាករនៅ Premier League បានចេញទៅប្រកួតជំរុះ World Cup នៅខែកញ្ញាខាងមុខនៅតាមបណ្តាប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេស។

ក្លិបបាល់ទាត់នៅអង់គ្លេស និងអេស្ប៉ាញបានបញ្ជាក់ពីការមិនអនុញ្ញាតឱ្យកីឡាកររបស់ខ្លួន ទៅប្រកួតឱ្យក្រុមជំរើសជាតិឡើយសំរាប់ប្រទេសដែលស្ថិតក្នុងបញ្ជីក្រហម ដោយនៅពេលពួកគេត្រលប់មកវិញនឹងត្រូវធ្វើចត្តាឡីស័ក ហើយអវត្តមានជាច្រើនប្រកួត។ លោក Infantino បានធ្វើសំណើសុំស្រដៀងគ្នានឹងពេលស្នើសុំនៅព្រឹត្តិការណ៍ Euro ២០២០ កន្លងទៅដោយកីឡាករដែលចូលរួមប្រកួតត្រលប់មកវិញត្រូវបានលើកលែងការធ្វើចត្តាឡីស័ក។
សំរាប់អង់គ្លេស ការសំរេចមិនអនុញ្ញាតឱ្យកីឡាករចាកចេញ ទៅក្រៅប្រទេសនៅខែកញ្ញាខាងមុខនេះដែរបានទទួលការគាំទ្រពីបណ្តាក្លិបនៅ Premier League ចំនួន ១៩ ដែលមានកីឡាករសរុបជិត ៦០នាក់ដែលត្រូវបានកោះហៅទៅប្រកួតឱ្យក្រុមជំរើសជាតិ ដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេសទាំង ២៦។ ប្រេស៊ីល អាហ្សង់ទីន កូឡុំប៊ី កូស្តារីកា អេហ្ស៊ីប ម៉ិកស៊ិក ប៉ារ៉ាហ្កាយ ប៉េរូ និងទួរគីស្ថិតក្នុងចំណោម ២៦ប្រទេសដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង់គ្លេស៕
អត្ថបទ៖នាង សុភាវុធ