ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានជំរុញដល់បងប្អូនស្រ្ដី យុវតីខ្មែរអ៊ិស្លាមទាំងអស់ត្រូវបង្កើនសមត្ថភាព និងក្រេបជញ្ជក់ចំណេះជំនាញថ្មីៗបន្ថែមទៀតដើម្បីដើរឲ្យទាន់សម័យកាលបច្ចេកវិទ្យាឌីជីថលដែលកំពុងមានការវិវឌ្ឍរីកចម្រើនកាន់តែខ្លាំង និងទទួលបានឱកាសការងារល្អទាំងក្នុងស្ថាប័នរដ្ឋ និងឯកជន។
ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ បានជំរុញបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សានិងលើកទិសដៅការងាររបស់សមាគមអភិវឌ្ឍន៍នារីឥស្លាមកម្ពុជា (CIWODA) នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នៅមជ្ឍមណ្ឌលអ៊ិស្លាមភ្នំពេញ។
ឯកឧត្តមបណ្ឌិតបានលើកឡើងថា ស្ត្រីគឺជាតួអង្គដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គម ស្ដ្រីមានតួនាទីជាច្រើន ក្នុងការមើលថែក្រុមគ្រួសារ ព្រមទាំងចូលរួមបម្រើការងារផ្សេងៗទាំងនៅក្នុងវិស័យរដ្ឋនិងឯកជន ដោយនៅក្នុងផ្នែកខ្លះស្រ្តីអាចធ្វើបានល្អជាងបុរសផងដែ។ ទន្ទឹមគ្នានេះដែរឯកឧត្តមបណ្ឌិត ក៏បានផ្តល់អនុសាសន៍ដល់សមាជិកសមាជិកាសមាគម ត្រូវបន្តសហការគ្នារៀបចំផែនការរយៈពេលវែងពេលខ្លី រៀបចំក្រុមការងារតាមផ្នែកនីមួយៗ និងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពខិតខំរិះរកការគាំទ្រពីសប្បុរជននានាទាំងក្នុង និងក្រៅប្រទេស ក្នុងការជំរុញឱ្យសមាគមមានការរីកចម្រើន និងរឹងមាំបន្ថែមទៀត ដើម្បីចូលរួមបម្រើសកម្មភាពមនុស្សធម៌ សម្រាប់សង្គម ជាតិ និងសហគមន៍ទាំងមូល។
ឯកឧត្តមសង្កត់ធ្ងន់ថាកន្លងមករាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចមហាបវរធិប តី ហ៊ុន ម៉ាណែត តែងតែលើកទឹកចិត្តដល់គ្រប់ស្ថាប័នទាំងអស់ឱ្យលើកកម្ពស់ និងផ្ដល់ឱកាសការងារ និងការដឹកនាំដល់ស្រ្ដី។
តាមរបាយការណ៍របស់លោកជំទាវ ម៉ាន ចិន្តា អនុប្រធានប្រចាំការសមាគមអភិវឌ្ឍន៍នារីអ៊ិស្លាមកម្ពុជា បានឱ្យដឹងថាសមាគមត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដែលមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធានកិត្តិយស និងលោកជំទាវ អាស៊ីយ៉ះ អាលី អូស្មាន ជាប្រធាន និងសមាសភាពសមាជិកាជាស្រ្តីថ្នាក់ដឹកនាំក្នុងរាជរដ្ឋាភិបាលជាសមាជិកសភា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីរាជការ បន្ថែមពីនេះក៏មានស្រ្តីមានតួនាទីក្នុងវិស័យធុរកិច្ច ជាសាស្រ្តាចារ្យ គ្រូបង្រៀន និងបញ្ញាវ័ន្តនានា មកពីបណ្តា រាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា៕
អត្ថបទ.ភារម្យ








