
ជនអន្តោប្រវេសន៍ប្រហែល ៨៧នាក់ ត្រូវបានជួយសង្រ្គោះដោយក្រុមគ្រូពេទ្យគ្មានព្រំដែន( MSF)នៅសមុទ្រមេឌីទែរ៉ាណេ ជិតប្រទេសអ៊ីតាលី ។ វីដេអូចេញដោយ MSF ឃើញក្រុមជនអន្តោប្រវេសន៍លោតចូលទឹកសមុទ្រ ចេញពីលើទូកផ្ទុកជនអន្តោប្រវេសន៍លើសចំណុះ ។
ក្រុមមិនរកប្រាក់ចំណូលមួយនេះ និយាយនៅលើបណ្តាញព័ត៌មានសង្គម Xថា ក្រុមអន្តោប្រវេសន៍និយាយប្រាប់ក្រុមអ្នកជួយសង្រ្គោះថា ពួកគេសុខចិត្តស្លាប់ ជាជាងវិលត្រឡប់ទៅកាន់ប្រទេសលីប៊ីវិញ ។

ក្រុម MSF និយាយទៀតថា ជនអន្តោប្រវេសន៍ទាំងអស់ ត្រូវបានសង្រ្គោះ និងនាំទៅកាន់នាវា Geo Barents ។
អង្គការសហប្រជាជាតិ បានចុះបញ្ជីមនុស្សស្លាប់ និងបាត់ខ្លួនជាង ២ម៉ឺននាក់ នៅកណ្តាលសមុទ្រមេឌីទែរ៉ាណេ ចាប់តាំងពីឆ្នាំ ២០១៤រហូតមក ធ្វើឲ្យវាក្លាយជាការធ្វើអន្តោប្រវេសន៍ដ៏គ្រោះថ្នាក់បំផុតនៅទូទាំងពិភពលោក ។
អ៊ីតាលី បានជំរុញផងដែរឲ្យប្រទេសទុយនីស៊ី និងប្រទេសលីប៊ី ចាត់វិធានការបន្ថែមទៀត ដើម្បីបញ្ឈប់ជនអន្តោប្រវេសន៍ពីការធ្វើដំណើរឆ្លងកាត់សមុទ្រដ៏គ្រោះថ្នាក់នេះ ៕