
អ្នកការទូតរុស្ស៊ីជាន់ខ្ពស់ម្នាក់ បាននិយាយថា រុស្ស៊ីប្តេជ្ញាស្វែងរក «ដំណោះស្រាយដែលអាចធ្វើទៅបានឲ្យលឿនបំផុត» ចំពោះបញ្ហាដែលជនជាតិឥណ្ឌាត្រូវបានបោកបញ្ឆោតឲ្យចូលរួមក្នុងកងទ័ពរបស់ខ្លួន និងប្រយុទ្ធនៅក្នុងសង្គ្រាមអ៊ុយក្រែន ដែលនេះជាការអត្ថាធិប្បាយលើកដំបូងរបស់ទីក្រុងម៉ូស្គូ ជុំវិញបញ្ហានេះ។
ការស្វែងរកការរំដោះជនជាតិឥណ្ឌាដែលបានចូលរួមជាមួយកងទ័ពរុស្ស៊ី នៅទីតាំងមិនពិតប្រាកដ គឺជាការផ្តោតសំខាន់នៃកិច្ចពិភាក្សារបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅទីក្រុងមូស្គូ ក្នុងសប្តាហ៍នេះ។ ហើយមន្ត្រីឥណ្ឌាម្នាក់ដែលអមដំណើរលោក Modi កាលពីថ្ងៃអង្គារ (ទី៩ ខែកក្កដា) បាននិយាយថា រុស្ស៊ីបានសន្យាថា នឹងនាំខ្លួនពួកគេចេញឲ្យបានលឿន។

ភារធារីស្ថានទូតរុស្សីប្រចាំប្រទេសឥណ្ឌា លោក Roman Babushkin កាលពីល្ងាចថ្ងៃពុធ (ទី១០ ខែកក្កដា) បានប្រាប់ថា៖ «កងទ័ពរុស្ស៊ីមិនត្រូវការប្រជាជនឥណ្ឌាទេ ជាពិសេស ចំនួននោះ គឺតិចតួចណាស់។ ពួកគេមិនអាចជួយផ្លាស់ប្តូរស្ថានភាព នៅសមរភូមិតាមមធ្យោបាយណាមួយនោះឡើយ»។
លោក Babushkin បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន ANI ថា ខណៈពេលដែលប្រជាជនឥណ្ឌាភាគច្រើនកំពុងប្រយុទ្ធក្នុងសង្រ្គាមនៅទីនោះ ដើម្បីអ្វីដែលហៅថា «គោលបំណងពាណិជ្ជកម្ម» នោះ អ្នកខ្លះត្រូវបានបោកបញ្ឆោតឲ្យចូលរួមដោយពួកភ្នាក់ងារ។ លោកបានបន្ថែមថា ឥណ្ឌា និងរុស្ស៊ីកំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីរកដំណោះស្រាយចំពោះបញ្ហានេះ៕