
នៅថ្ងៃព្រហស្បតិ៍នេះ តំបន់ជាច្រើននៅទូទាំងប្រទេសឥណ្ឌា បានប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ក្នុងនោះក្រុមអាជ្ញាធរឧតុនិយម បានព្រមានពីភ្លៀងធ្លាក់ខ្លាំងនៅតាមរដ្ឋភាគខាងជើង និងភាគឦសាន ដែលអាចធ្វើឲ្យស្ថានភាពទឹកជំនន់កាន់តែអាក្រក់ទៅ ។
ពលរដ្ឋត្រូវបានគេមើលឃើញ ដើរលុកឆ្លងកាត់ផ្លូវរងការជន់លិច នៅក្នុងរដ្ឋធានីញូវ ដែល្លី ក្នុងនោះក្រុមអ្នកស្រុក និយាយថា ទឹកជំនន់ ចាប់ផ្តើមកើតមាន ក្រោយបាក់ព្រែកជីក ។

នៅស្រុក Nagaon ស្ថិតក្នុងរដ្ឋភាគខាងជើង Assam ទឹកជំនន់បង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំងរយៈពេលជាង ២ខែកន្លងមកនេះ បានជន់លិចដីកសិកម្ម តំបន់រស់នៅអ្នកស្រុក និងបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ ជម្លៀសខ្លួន ។
យោងទៅតាមរបាយការណ៍ និងព័ត៌មាន ពីប្រព័ន្ធគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ Assam បានឲ្យដឹងថា មនុស្ស ៥ នាក់ផ្សេងទៀតបានស្លាប់នៅរដ្ឋមួយនេះ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនអ្នកស្លាប់ពាក់ព័ន្ធទឹកជំនន់កើនឡើងដល់ ៨៤ នាក់។
ដោយឡែក មនុស្សជិត១ លាននាក់នៅក្នុង ស្រុកចំនួន ២៧ ត្រូវបានរងផលប៉ះពាល់ដោយទឹកជំនន់។ ទឹកជំនន់បានជន់លិចភូមិចំនួន ២៥៨០ ។ មនុស្សចំនួន១៥៧.០០០នាក់ កំពុងបន្តជ្រកកោនក្នុងជំរំ និងមជ្ឈមណ្ឌលចែកចាយជំនួយចំនួន ៣៦៥ កន្លែង ៕