
តុលាការឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បានកាត់ទោសអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo ឲ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ ពីបទពុករលួយ ពាក់ព័ន្ធនឹងការធ្វើដំណើរតាមយន្តហោះឯកជន និងការទិញគ្រឿងអលង្ការឲ្យភរិយារបស់លោក។
រដ្ឋអាជ្ញាបានប្រាប់ឲ្យដឹងថា លោក Limpo បានដកយកប្រាក់ជាង ៤៤ពាន់លានរូពៀ (២,៧២លានដុល្លារ) ពីមន្ត្រីនៅក្រសួងកសិកម្ម ដើម្បីយកទៅចំណាយលើការចាយវាយផ្ទាល់ខ្លួន។
ជាមួយគ្នានេះ ប្រធានចៅក្រម លោក Rianto Adam Pontoh បាននិយាយថា លោក Limpo ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ៣០០លានរូពៀ និងបានបញ្ជាឲ្យបង់ប្រាក់សំណងប្រមាណជា ១៤,៦ពាន់លានរូពៀ។

រូបភាពពីទូរទស្សន៍បន្ទាប់ពីមានសាលក្រម បង្ហាញឲ្យឃើញលោក Limpo និយាយទៅកាន់អ្នកសារព័ត៌មាន។ លោកបានបដិសេធថា មិនបានប្រព្រឹត្តខុសនោះទេ បើទោះបីជាលោកបាននិយាយថា លោកគោរពការសម្រេចរបស់តុលាការក៏ដោយ ហើយលោកបានបន្ថែមថា សាលក្រមនេះ គឺជាលទ្ធផលនៃការងាររបស់ខ្លួន។
មេធាវីរបស់លោក Limpo គឺលោក Djamaludin Koedoeboen មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters៕