
ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា បេសកជននុយក្លេអ៊ែរជាន់ខ្ពស់របស់កូរ៉េខាងត្បូង បានជួបជាមួយលោកស្រី Julie Turner ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សរបស់ កូរ៉េខាងជើង នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីវិធីកែលម្អសិទ្ធិមនុស្សរបស់ កូរ៉េខាងជើង។
ក្រសួងបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា លោក Lee Jun-il អគ្គនាយកទទួលបន្ទុក គោលនយោបាយឧបទ្វីបកូរ៉េ និងលោក Turner បានចែករំលែកការវាយតម្លៃអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។
ភាគីទាំងពីរ បានយល់ព្រមប្រើប្រាស់ការពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR) របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនាពេលខាងមុខរបស់កូរ៉េខាងជើង ក្នុងខែវិច្ឆិកា ដើម្បីផ្សព្វផ្សាយជាសាធារណៈអំពីការរំលោភសិទ្ធិផ្សេងៗ នៅក្នុងសហគមន៍អន្តរជាតិ។

ពួកគេ ក៏បានស្វែងរកដំណោះស្រាយសម្រាប់បញ្ហាការងារដោយបង្ខំរបស់កូរ៉េខាងជើង និងបានពិភាក្សាអំពីការពង្រីកការចូលរួមសិទ្ធិមនុស្សជាមួយតំបន់អភិវឌ្ឍន៍សកលខាងត្បូង( Global South) ដែលរួមមានប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍សំខាន់ៗ នៅអឌ្ឍគោលខាងត្បូង។
លោក Lee បាននិយាយថា កូរ៉េខាងត្បូង កំពុងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់អ្នករត់ចោលស្រុកកូរ៉េខាងជើង ដូចជាកំណត់ថ្ងៃទី១៤ ខែកក្កដា ជាថ្ងៃសម្រាប់អ្នករត់ចោលស្រុកកូរ៉េខាងជើង។