
សីតុណ្ហភាពខ្ពស់ និងស្ថានភាពសំណើមទាប បានធ្វើឲ្យភ្លើងឆេះព្រៃ Lake Fire នៅរដ្ឋ California សហរដ្ឋអាមេរិក រីករាលដាលកាន់តែខ្លាំង បង្ខំឲ្យមានការជម្លៀសខ្លួនមនុស្ស ហើយគេបានមើលឃើញសំណុំផ្សែងយ៉ាងធំ ហុយលើផ្ទៃអាកាសនៅស្រុក Santa Barbara ។
យោងតាមការអះអាងរបស់ក្រុមអាជ្ញាធរពន្លត់អគ្គិភ័យក្នុងស្រុក បានឲ្យដឹងថា កិច្ចខិតខំពន្លត់ភ្លើងឆេះព្រៃ ត្រូវបានបង្កើន ក្នុងនោះបុគ្គលិកជាង ៣ពាន់នាក់ ត្រូវបានដាក់ពង្រាយ រួមទាំងរថយន្តពន្លត់អគ្គិភ័យ ២២១គ្រឿង ឧទ្ធម្ភាគចក្រ ២៨គ្រឿង និងគ្រឿងចក្រ ៧៧គ្រឿង ។

ពួកគេបន្តថា ទំហំភ្លើងឆេះព្រៃ បានកើនឡើងលើផ្ទៃដីព្រៃជាង ១១.៧៣៥ហិចតា ចាប់តាំងពីវាបានឆាបឆេះកាលពីថ្ងៃទី ៥ ខែកក្កដា ធ្វើឲ្យមានបទបញ្ជាជម្លៀសខ្លួនមនុស្ស និងបង្កគ្រោះថ្នាក់ដល់តំបន់ជាច្រើន រួមទាំងចម្ការ Neverland Ranch ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាចបញ្ជាក់បានទីតាំងភ្លើងឆេះព្រៃពីផែនទីផ្លូវ រុក្ខជាតិ បង្គោលភ្លើង និងអគារក្បែរនោះ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណប ៕