ធនាគារធំៗរបស់ថៃ បាននិយាយការពារខ្លួនងនៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញការរិះគន់ថា ពួកគេបានសម្របសម្រួលការទិញអាវុធដោយរបបសឹកមីយ៉ាន់ម៉ា ដោយពួកគេទទួលស្គាល់ថា ពួគគេខ្វះខាតសមត្ថភាពស៊ើបអង្កេតរាល់កិច្ចការជំនួយទាំងអស់ដែលអាចប្រើប្រាស់លើការទិញអាវុធបែបនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកតំណាងម្ចាស់កម្ចី និយាយប្រាប់គណៈកម្មាធិការសភាថា ពួកគេអនុវត្តតាមនិយតកម្មយ៉ាងតឹងរ៉ឹង ។
គួរឲ្យដឹងថា របាយការណ៍របស់អ្នកជំនាញអង្គការសហប្រជាជាតិ(UN)កាលពីខែមុន និយាយថា ក្រុមហ៊ុនដែលបានចុះបញ្ជីនៅប្រទេសថៃ បានប្រើប្រាស់ធនាគារថៃ ដើម្បីផ្ទេរអាវុធ និងសម្ភារៈពាក់ព័ន្ធតម្លៃ ១២០លានដុល្លារនៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ធៀបនឹងតម្លៃ ៦០លានដុល្លារ កាលពីរយៈពេល ១ឆ្នាំមុន ។
គណៈកម្មាធិការសភាថៃទទួលបន្ទុកសន្តិសុខជាតិ បានកោះហៅក្រុមអ្នកតំណាងរបស់ធនាគារទាំង ៥ខាងលើ ក្រោយរបាយការណ៍របស់អ្នករាយការណ៍ពិសេស UN លើស្ថានភាពសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា លោក Tom Andrews បានលើកឡើងពីតួនាទីរបស់អង្គភាពថៃទាំងនេះ ។
ធនាគារពាណិជ្ជកម្មថៃ ចំនួន ៥ដែលមានឈ្មោះនៅក្នុងរបាយការណ៍ UN រួមមានធនាគារ Krung Thai, SCBX, Bangkok Bank, TMB Thanchart Bank និងធនាគារ Kasikorn Bank ពុំបានឆ្លើយតបនោះទេចំពោះសំណើរសុំសេចក្តីអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មានរ៉យទ័រ ៕