សារព័ត៌មាន Etemad របស់អ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ (ទី១១ ខែកក្កដា) នេះ បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសស្តីទីរបស់អ៊ីរ៉ង់ ដែលនិយាយថា ទីក្រុងតេអេរ៉ង់នៅតែកំពុងធ្វើកិច្ចចរចានុយក្លេអ៊ែរ ដោយប្រយោលជាមួយសហរដ្ឋអាមេរិក តាមរយៈប្រទេសអូម៉ង់។
ការអត្ថាធិប្បាយរបស់លោក Ali Bagheri Kani ដែលត្រូវបានរាយការណ៍នេះ បានកើតមានឡើងបន្ទាប់ពីមានការកត់សម្គាល់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលអ្នកនាំពាក្យសេតវិមាន បាននិយាយថា សហរដ្ឋអាមេរិកមិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តកិច្ចចរចានុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នោះទេ ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោតថ្មី គឺលោក Masoud Pezeshkian។
តែតាមរយៈការដកស្រង់សម្ដីដោយសារព័ត៌មាន លោក Bagheri Kani បាននិយាយថា៖ «កិច្ចចរចាដោយប្រយោល កំពុងត្រូវបានធ្វើឡើងតាមរយៈប្រទេសអូម៉ង់ ប៉ុន្តែដំណើរការចរចា គឺជាការសម្ងាត់ ហើយព័ត៌មានលម្អិត មិនអាចរាប់ឡើងវិញបានទេ»។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីឲ្យមាន «មូលដ្ឋានអំណោយផល» ដល់កិច្ចចរចារ សម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ថ្មី ដែលនឹងចូលកាន់តំណែងនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថា លោក Pezeshkian អ្នកនិយមកណ្ដាលដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីជុំទី២ របស់អ៊ីរ៉ង់ កាលពីសប្តាហ៍មុន បាននិយាយថា លោកនឹងលើកកម្ពស់គោលនយោបាយការបរទេសប្រកបដោយប្រសិទ្ធភាព និងបន្ធូរបន្ថយភាពតានតឹងជាមួយមហាអំណាចទាំង៦ ដែលបានចូលរួមក្នុងកិច្ចចរចានុយក្លេអ៊ែរជាប់គាំង នាពេលនេះ ដើម្បីស្តារកតិកាសញ្ញានុយក្លេអ៊ែរឆ្នាំ២០១៥ ឡើងវិញ៕