ខ្សែត្រៀមមុខ Toretsk និង Pivnichne ស្ថិតក្នុងតំបន់ Donetsk របស់អ៊ុយក្រែន ត្រូវបានគេមើលឃើញថាជាទីក្រុងខ្មោច ពោលគឺរងភាពខ្ទេចខ្ទាំគ្មានសេសសល់ នៅក្នុងរូបភាពវីដេអូឃ្លីបរបស់យានដ្រូន ដែលបានបញ្ចេញនៅថ្ងៃទី ១១ ខែកក្កដានេះ ដោយកងពលតូចលេខ ៣២របស់អ៊ុយក្រែន ។
ទីតាំងនេះ ត្រូវបានបញ្ជាក់ដោយអគារ ដើមឈើ វាលស្មៅ និងគំនូសផ្លូវ នៅក្នុងវីដេអូ ដោយផ្គូផ្គងជាមួយរូបភាពផ្កាយរណបនៅតំបន់នោះ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយ កាលបរិច្ឆេតដែលវីដេអូមួយនេះ បានថត ។
យោធារុស្ស៊ី និយាយថា ខ្លួនដណ្តើបានគ្រប់គ្រងភូមិជាច្រើននៅតំបន់ Donetsk របស់អ៊ុយក្រែន ក្រោយពួកគេដណ្តើមបានទីក្រុងសំខាន់ Avdiivka កាលពីខែកុម្ភៈ ៕