រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba កាលពីថ្ងៃពុធ (ទី១០ ខែកក្កដា) បាននិយាយថា ការសន្យារផ្ដល់យន្តហោះចម្បាំង F-16 ដែលកំពុងប្រយុទ្ធនៅលើមេឃអ៊ុយក្រែន នារដូវក្តៅនេះ «ត្រូវបានបំពេញ»។
ដោយបន្ថែមថា ប្រទេសរបស់លោកនៅត្រូវការច្រើនទៀតនោះ លោក Kuleba បានប្រាប់ថា៖ «ខ្ញុំមិនអាចចែករំលែកផ្លូវហោះហើររបស់យន្តហោះ F-16 បាននោះទេ។ នៅពេលដែលយើងឃើញពួកវា ហោះនៅលើផ្ទៃមេឃរបស់អ៊ុយក្រែន ខ្ញុំគិតថា សំណួរទាំងអស់នឹងទទួលបានចម្លើយ»។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃពុធនោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថា ក្រុមដំបូងនៃយន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ត្រូវបានផ្ទេរទៅអ៊ុយក្រែនរួចហើយ ពីប្រទេសដាណឺម៉ាក និងហូឡង់ ហើយនឹងហោះហើរលើផ្ទៃមេឃរបស់អ៊ុយក្រែននៅរដូវក្តៅនេះ។
សេចក្តីថ្លែងការណ៍រួមរបស់មេដឹកនាំសហរដ្ឋអាមេរិក ដាណឺម៉ាក និងហូឡង់ បានឲ្យដឹងថា រដ្ឋាភិបាលដាណឺម៉ាក និងហូឡង់ កំពុងដំណើរការផ្តល់យន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិកដល់អ៊ុយក្រែន។
ចំណែកប្រទេសដាណឺម៉ាកបានប្តេជ្ញាផ្ដល់យន្តហោះសរុបចំនួន ១៩គ្រឿង ខណៈដែលហូឡង់បានសន្យាថា នឹងផ្តល់ ២៤គ្រឿង។ ហើយប្រទេសទាំង២ បានធ្វើជាកម្លាំងជំរុញនៅពីក្រោយក្រុមចម្រុះអន្តរជាតិ ដើម្បីផ្គត់ផ្គង់យន្តហោះ F-16 ដល់អ៊ុយក្រែន។ រីឯន័រវ៉ែសក៏បាននិយាយកាលពីថ្ងៃពុធដែរថា ខ្លួននឹងផ្ដល់យន្តហោះចម្បាំង F-16 ចំនួន ៦គ្រឿងដល់អ៊ុយក្រែន ហើយការបញ្ជូនទៅ ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅឆ្នាំនេះ៕