ភ្នំពេញ ៖ ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលទើបនឹងជ្រើសរើសថ្មី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ចំនួន ៣៥០នាក់ ក្នុងចំណោម សមាជិកថ្មី ចំនួន ២១៥៧នាក់ នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤នេះ។
ពិធីខាងលើនេះ មានការចូលរួមពីលោកជំទាវ ហង់ លីណា រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជនបង្គោលផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ២៥ រាជធានី-ខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី សាកលវិទ្យាធិការរង ព្រឹទ្ធបុរស នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។
ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ ទីប្រឹក្សាក្រសួងសុខាភិបាល សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាអនុប្រធានប្រតិបត្តិ ទទួលបន្ទុកជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងជាសមាជិកគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពិធីសំណេះសំណាលថ្ងៃនេះ គឺជាលើកទី៤ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ក្នុងពិធីសំណេះសំណាលលើកទី១ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម លេង ផាលី មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.ស សមាជិក សរុបចំនួន៣៦៨នាក់។ ពិធីសំណេះសំណាលលើកទី២ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាពឯកឧត្តម លេង ផាលី មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.ស សមាជិក សរុបចំនួន៣១១ នាក់។ ពិធីសំណេះសំណាលលើកទី៣ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.ស សមាជិក សរុបចំនួន៣៦៦នាក់។ ដូចនេះ ជាសរុប ក្នុងពិធីសំណេះសំណាលទាំង៣លើក មន្ត្រីរាជការ បុគ្គលិក និងនិស្សិតស.វ.ស សមាជិកក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ប្រចាំស.វ.ស សរុបចំនួន១០៤៥ នាក់ (ស្ត្រីចំនួន៧០១នាក់) បានចូលរួម។
ក្នុងនាមថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ សាផុន វឌ្ឍនៈ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់ឱកាសដល់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានទទួលការរៀនសូត្របន្ថែម អនុវត្តផ្ទាល់នៅមូលដ្ឋាន និងបានឱកាសចូលរួមលើកកម្ពស់សុខុមាលភាពប្រជាជន ដែលជាកត្តាដ៏សំខាន់នាំឱ្យមានកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់។ កាយវិការមនុស្សធម៌ ដែលក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំ ចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី មិនដែលទុកប្រជាពលរដ្ឋឲ្យហែលឆ្លងការលំបាក ឬមហន្តរាយទាំងឡាយតែឯងឡើយ នេះហើយបានក្លាយថ្នាលគំរូបណ្តុះស្មារតីមនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈ សម្រាប់និស្សិតសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលពួកគេនឹងក្លាយជាអ្នកផ្តល់សេវាក្នុងវិស័យសុខាភិបាលនាពេលអនាគត។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តែងតែផ្តល់អនុសាសន៍ណែនាំឱ្យសាកលវិទ្យាល័យ ពង្រឹងលើការបណ្តុះបណ្តាល ដោយបញ្ញាការបណ្តុះស្មារតី មនុស្សធម៌ និងសីលធម៌វិជ្ជាជីវៈនេះផងដែរ។
នាឱកាសនោះឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ ជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្នុងនាមជានីតិបុគ្គលនៃក្រុមគ្រួសារ ស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ ស.ស.យ.ក. បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពីស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភព មានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ។
ឯកឧត្តម លេង ផាលី បានបញ្ជាក់ទៀតថា ក្នុងរយៈពេល ១២ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ១១ កក្កដា ឆ្នាំ២០២៤) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មានសមាជិក សមាជិកាចំនួន ១២,០៦៩នាក់ (មួយម៉ឺន ពីរពាន់ ហុកសិប ប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៤៩៥នាក់ (ប្រាំមួយពាន់បួនរយកៅសិបប្រាំនាក់) ដែលមាន ២៨ សាខា (ក្នុងនោះមានចំនួន ២៥ រាជធានី- ខេត្ត សាខា និង សាកលវិទ្យាល័យ ចំនួន ៣សាខា) បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋផ្តល់សេវាដោយឥតគិតថ្លៃ ក្នុង២៥រាជធានី - ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ២០១៤លើក ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១៣,២៣៧,១០៤នាក់ (ដប់បីលាន ម្ភៃបីម៉ឺន ប្រាំពីរពាន់ មួយរយបួន នាក់) ក្នុងនោះស្ត្រីមានចំនួន ៦,៧៧៩,០៨៨នាក់ (ប្រាំមួយលាន ចិតសិបប្រាំពីរម៉ឺន ប្រាំបួនពាន់ ប៉ែតសិបប្រាំបី នាក់) គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ច្រើនជាង ៣ ភាគ ៤ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន ១៧,៣៣៦,៣០៧ នាក់ (ដប់ប្រាំពីរលាន សាមសិបបីម៉ឺន ប្រាំមួយពាន់ បីរយ ប្រាំពីរ នាក់) ធៀបនឹងឆ្នាំ២០២៤ បើគិតសេវាជាមធ្យម ប្រជាពលរដ្ឋក្នុងម្នាក់ ចំណាយអស់៥០ដុល្លារ សរុបត្រូវចំណាយទាំងអស់ប្រហែល ៦៦១,៨៥៥,២០០ដុល្លារ (ប្រាំមួយរយហុកសិបមួយលាន ប៉ែតសិបប្រាំម៉ឺន ប្រាំពាន់ ពីររយ ដុល្លារសហរដ្ឋអាមេរិក)។ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បាននិងកំពុងបន្តចុះបេសកកម្មតាមការឧទ្ទេសនាមរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋបានប្រមាណ ១១,៩១០,៣៦៨ដូស(ដប់មួយលានកៅសិបមួយម៉ឺនបីរយហុកសិបប្រាំបីដូស) ក្នុង២៥ រាជធានី-ខេត្ត។ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំផ្តល់សេវាដោយឥតគិតថ្លៃពី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ផងដែរ៕
អត្ថបទ៖ រដ្ឋា





















