
នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីកេនយ៉ាងលោក William Ruto បានរំលាយចោលគណៈរដ្ឋមន្រ្តីទំាងមូលរបស់លោក ចាប់ពីរដ្ឋមន្រ្តីក្រសួងការបរទេស ស្របពេលមានបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងរដ្ឋាភិបាល ពាក់ព័ន្ធនឹងការដំឡើងពន្ធថ្មី ។
បាតុកម្មដឹកនាំដោយក្រុមយុវជន បង្កឡើងដោយសារការដំឡើងពន្ធតាមការគ្រោងទុក ដែលលោក Ruto បង្ខំចិត្តបោះបង់ចោលនោះ បានធ្វើឲ្យកើតមានវិបត្តិធំបំផុតនៅក្នុងតំណែងប្រធានាធិបតីរយៈពេល ២ឆ្នាំរបស់លោក ។
មនុស្សយ៉ាងហោច ៣៩នាក់ បានស្លាប់ អំឡុងការប៉ះទង្គិចគ្នាជាមួយក្រុមនគរបាល និងក្រុមបាតុករមួយចំនួន បានវាយប្រហារសភាផងដែរ កាលពីខែមុន ។
លោក Ruto និយាយនៅក្នុងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍ទៅកាន់ប្រទេសជាតិថា លោកបានរំលាយផងដែរ អគ្គមេធាវីរបស់ប្រទេសនៅអាហ្វ្រិកខាងកើតមួយនេះ ប៉ុន្តែការិយាល័យអនុប្រធានាធិបតី ពុំបានរងផលប៉ះពាល់នោះទេ ៕