ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលបានគប់គ្រាប់បែកភ្លើងទៅលើអគាររដ្ឋាភិបាលរបស់ប្រទេសអាល់បានី និងការិយាល័យអភិបាលក្រុង ទីរ៉ាណា (Tirana) កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១១ កក្កដា ដោយចោទប្រកាន់មន្ត្រីរដ្ឋថាមានជាប់ពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មដែលបានរៀបចំ និងអំពើពុករលួយ បន្ទាប់ពីមេដឹកនាំរបស់ពួកគេត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការឃុំខ្លួនក្នុងផ្ទះ។

មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខទីស្នាក់ការរដ្ឋាភិបាលក្នុងរដ្ឋធានីទីរ៉ាណា ខណៈក្រុមមន្ត្រីនគរបាលបង្ក្រាបកុបកម្មបានបិទទ្វារការិយាល័យនាយករដ្ឋមន្ត្រីអ៊ីឌីរ៉ាម៉ា (Edi Rama)។
ក្រោយមកក្រុមអ្នកតវ៉ាបានចេញទៅក្រៅការិយាល័យអភិបាលក្រុងទីរ៉ាណា ដោយគប់គ្រាប់បែកភ្លើង និងប៉ះទង្គិចជាមួយនគរបាល។ នគរបាលពុំបានធ្វើអន្តរាគមន៍ទេប៉ុន្តែបានបាញ់ពន្លត់គ្រាប់បែកភ្លើងភ្លាមៗ។ ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នករបួសនោះទេ។
មេបក្សប្រឆាំងលោក សាលី ប៊ើរីសា (Sali Berisha)បានថ្លែងទៅកាន់ក្រុមបាតុករតាមវីដេអូពីការឃុំខ្លួនក្នុងផ្ទះរបស់លោក។ លោកកំពុងត្រូវបានគេស៊ើបអង្កេតពីបទពុករលួយក្នុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រីចន្លោះឆ្នាំ
២០០ដល់ឆ្នាំ២០១៣។
លោកប៊ើរីសា បានបដិសេធការធ្វើខុស ដោយបានចោទ លោកនាយករដ្ឋមន្ត្រី អ៊ីឌីរ៉ាម៉ា ពីបទសងសឹកផ្នែកនយោបាយដោយបំបិទមាត់ក្រុមអ្នកប្រឆាំង ដែលលោក រ៉ាម៉ា បដិសេធ។
គណបក្សប្រជាធិបតេយ្យដែលជាគណបក្សប្រឆាំងដ៏សំខាន់បានចោទប្រកាន់លោករ៉ាម៉ា ពីបទបក្ខពួកនិយម និងអំពើពុករលួយ ដែលខ្លួននិយាយថាកំពុងជំរុញឱ្យយុវជនជាច្រើនធ្វើចំណាកស្រុកដើម្បីជីវិតកាន់តែប្រសើរនៅអឺរ៉ុបខាងលិច៕
