បាល់ទាត់៖ ការប្រកួតបាល់ទាត់ក្របខណ្ឌក្លិបអាជីពអឺរ៉ុប UEFA Champions League នឹងវិលមកវិញនៅខែកញ្ញាខាងមុខនេះហើយ ខណៈការចាប់ឆ្នោតបែងចែកពូលនឹងធ្វើឡើងនៅរាត្រីថ្ងៃព្រហស្បតិ៍នេះនៅទីក្រុង Istanbul ប្រទេសទួរគី។
មកដល់ពេលនេះមាន ២៦ក្រុមមានកៅអីស្វ័យប្រវត្តិសំរាប់វគ្គចែកពូល ខណៈ ៦ក្រុមត្រូវឆ្លងកាត់វគ្គ Play-Off។ សំរាប់ក្របខណ្ឌកំពូលទាំង ៥ នៅអឺរ៉ុបមានតែអេស្ប៉ាញទេដែលមាន ៥ ក្រុមមានកៅអីស្វ័យប្រវត្តិគឺ Atletico Madrid, Real Madrid, Barcelona, Seville និង Villarreal ដែលជាជើងឯក UEFA Europa League។ អង់គ្លេសមាន ៤ រួមមាន Manchester City, Manchester United, Liverpool និង Chelsea។ អាល្លឺម៉ង់មាន ៤ រួមមាន Bayern Munich, RB Leipzig, Borussia Dortmund និង Wolfsburg។ អ៊ីតាលីមាន ៤ ដែររួមមាន Inter Milan, AC Milan, Atalanta និង Juventus ខណៈបារាំងមានពីរគឺ Lille និង Paris Saint Germain។
ព័រទុយហ្កាល់មាន ៣ក្រុមគឺ Sporting Lisbon, Porto និង Benfica ក្រៅពីនោះមានរុស្សី ១ក្រុម Zenit St. Petersburg, ប៊ែលហ្ស៊ិក ១ក្រុម Club Brugge, អ៊ុយក្រែន ២ក្រុម Dynamo Kiyv និង Shakhtar Donetsk, ហូឡង់ ១ក្រុម Ajax Amsterdam, ទួរគី ១ក្រុម Besiktas, ស្វ៊ីស ១ក្រុម Young Boys, ស៊ុយអែត ១ក្រុម Malmo, អូទ្រីស ១ក្រុម RB Salzburg និងម៉ុលដូវ៉ា ១ក្រុម Sheriff Tiraspol។ យន្តការនៃការចាប់ឆ្នោតបែងចែកពូលមិនខុសប្លែកពីរដូវកាលមុនឡើយ ដោយក្លិបដែលមកពីលីគតែមួយមិនអាច ចាប់ឆ្នោតចូលក្នុងពូលជាមួយគ្នាឡើយ។ ការប្រកួតជុំដំបូងនៃវគ្គវិលជុំក្នុងពូលនឹងចាប់ផ្តើមនៅថ្ងៃទី១៤ និង ១៥ ខែកញ្ញា៕
អត្ថបទ៖នាង សុភាវុធ