ប្រទេសជប៉ុន បានព្រមាននៅថ្ងៃសុក្រ (១២ កក្កដា) នេះថា ចិន បានបង្កើនហានិភ័យនៃភាពតានតឹងកាន់តែខ្លាំងជាមួយកោះតៃវ៉ាន់ ដោយកំណើនសមយុទ្ធយោធា ដែលលេចឡើងក្នុងគោលបំណងជាផ្នែកមួយក្នុងការត្រៀមកម្លាំងរបស់ទីក្រុងប៉េកាំង សម្រាប់លទ្ធភាពនៃការក្រសោបយកកោះស្វ័យគ្រប់គ្រងបែបប្រជាធិបតេយ្យមួយនេះ។

ការវាយតម្លៃប្រចាំឆ្នាំរបស់ជប៉ុន លើការគំរាមកំហែងផ្នែកសន្តិសុខ រួមទាំងការគំរាមកំហែងដោយប្រទេសជិតខាងចិន កូរ៉េខាងជើង និងរុស្ស៊ី កើតឡើងនៅពេលដែលកោះតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធដែនអាកាស និងសមុទ្ររបស់ចិន រួមទាំងនាវាផ្ទុកយន្តហោះនៅសមុទ្រប៉ាស៊ីហ្វិកក្បែរនោះ។

ជប៉ុនបាននិយាយជាលើកដំបូងនៅក្នុងសៀវភៅស (ការវាយតម្លៃសន្តិសុខប្រចាំឆ្នាំ) ប្រចាំឆ្នាំរបស់ខ្លួនថា «ដោយសារតែការកើនឡើងនៃសកម្មភាពយោធានោះ យើងមិនអាចកាត់បន្ថយលទ្ធភាពនៃកំណើនភាពតានតឹងនោះទេ»។

សមយុទ្ធនេះគឺជាសកម្មភាពយោធាចុងក្រោយបង្អស់ រួមទាំងសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ កាលពីឆ្នាំមុន ដែលឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា នឹងក្លាយជាគន្លឹះក្នុងការក្រសោបយកកោះ ខណៈជប៉ុនបារម្ភថាជម្លោះនៅទីនោះនឹងរាលដាលដល់ទឹកដីខ្លួន៕